ទោះបីជារដ្ឋាភិបាលចិនបានប្រកាសថា យុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ខ្លួននឹងបន្តដោយគ្មានរើសមុខនៅក្នុងឆ្នាំ២០១៥ ដោយប្រើយុទ្ធសាស្រ្ត«ពញ្ញាក់អារម្មណ៍» ក៏ដោយ អ្នកឃ្លាំមើលជាច្រើននៅតែជឿជាក់ថា ការបង្រ្កាបលើបក្សពួកក្នុងជួរបក្សកុម្មុយនីស្ត គឺជាការចាំបាច់មួយក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយនៅឆ្នាំនេះ។
កាលពីដើមខែមករា បណ្តាញផ្សព្វផ្សាយរដ្ឋចិនបានរិះគន់វត្តមាននៃបក្សពួកក្នុងជួរបក្សកុម្មុយនីស្ត។ វាជាការពិតមួយដែលគេបានដឹង តែកម្រត្រូវបាននិយាយជាសាធារណៈណាស់។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានផ្សាយរិះគន់ជាសាធារណៈជាលើកដំបូងនៃវត្តមានក្រុម«ជើងកាងលេខា» «ជើងកាងប្រេងកាត» និង«ជើងកាងShanxi» ដោយលើកឡើងថា ក្រុមទាំងអស់នៅក្នុងជួរបក្ស បានមកដល់ចំណុចមួយដែលពួកគេមិនអាចលាក់ខ្លួនបានទៀតទេ។
គណៈកម្មការកណ្តាលចិនទទួលបន្ទុកផ្នែកវិន័យក៏បានរៀបចំសន្និសីទព័ត៌មានមួយក្នុងខែនេះ ដើម្បីប្រកាសពីការចោទប្រកាន់លោកZhou Yongkang អតីតសមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយ។ ពួកគេក៏បានពិភាក្សាពីការស៊ើបអង្កេតដែលកំពុងធ្វើឡើងប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់ដែលគេយល់ឃើញថាស្ថិតក្រោមការឧបត្ថម្ភរបស់លោក Zhouផងដែរ។
កាលពីឆ្នាំមុន លោកប្រធានាធិបតី Xi Jinping បានប្រាប់អង្គប្រជុំនៃការិយាល័យនយោបាយថា បក្ស នឹងមិនអត់ធ្មត់ចំពោះក្រុមណាមួយនៅក្នុងជួរបក្សឡើយ។ ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារផ្សព្វផ្សាយចម្បងៗរបស់រដ្ឋបានផ្សាយថា គោលដៅនៃយុទ្ធនាការប្រឆាំងអំពើពុករលួយនៅឆ្នាំនេះ គឺការប្រយុទ្ធប្រឆាំងនឹងក្រុមបក្សពួកទាំងឡាយនៅក្នុងជួរបក្ស។ លោក Yang Jianli ស្ថាបនិកអង្គការសិទ្ធិជនស៊ីវិល ដែលមានឈ្មោះថា «អំណាចប្រជាជន» ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចង្អុលបង្ហាញថា ភាពខ្វែងគ្នានៅក្នុងជួរបក្សដែលកំពុងកើតមានឡើងនៅពេលនេះ គឺមិនដូចកាលពីគ្រាមុនៗទេ។
លោក Yang Jianli មានប្រសាសន៍ថា៖ «មានហេតុផលជាច្រើនដែលទីភ្នាក់ងារផ្សព្វផ្សាយចិនបានប្រកាសអំពីវត្តមាននៃក្រុមបក្សពួកផ្សេងៗក្នុងជួរបក្ស។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺថា បក្សកុម្មុយនីស្តចិន គ្មានវិធីលាក់បាំងការប៉ះទង្គិចគ្នារបស់ក្រុមផ្សេងៗនៅក្នុងយុគសម័យព័ត៌មានឬសម័យអ៊ិនធឺណិតនេះទេ។ រឿងនិទាននឹងចាប់ផ្តើមក្លាយជាការពិតបន្តិចម្តងៗ។ លោក Xi Jinping បានដាក់សញ្ញាទៅលើក្រុមទាំងនោះជាចម្បងថាជា ក្រុមដែលគិតពីផលប្រយោជន៍អ្វីមួយ ដែលជាឫសគល់នៃអំពើពុករលួយ ជាជាងបញ្ហាណាមួយរបស់បក្ស។ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែផ្តោតគោលដៅជាសំខាន់ទៅលើអ្នកទាំងឡាយណាដែលបង្កការគំរាមកំហែងដល់អំណាចរបស់លោក។ គ្រាន់តែថា លោកមិនអាចសារភាពថា មានការកើតឡើងក្រុមផ្សេងៗក្នុងបក្ស ដែលនេះបង្កឲ្យមានការប៉ះពាល់ទំនុកចិត្តទៅលើបក្សកុម្មុយនិស្តចិន។»
លោកYang បានបង្ហើបហេតុផលមួយទៀតនៅពីក្រោយការបង្រ្កាបក្រុមបក្សពួកនៅក្នុងជួរបក្ស។ លោកបាននិយាយថា៖ «វាបង្ហាញជាចម្បងថា ការគំរាមកំហែងផ្ទៃក្នុងត្រូវបានដោះស្រាយរួចរាល់ហើយសម្រាប់លោក Xi Jinping ជាពិសេសការគំរាមកំហែងដែលមានមុនពេលលោក Jiang Zemin ចាកចេញពីតំណែងរបស់ខ្លួន។ ក្រុមជើងកាងទាំងនោះអាចបង្កការប៉ះពាល់ដល់អំណាចរបស់លោក Xi Jinping ជាពិសេសដោយសារក្រុមជើងកាងខ្លះមានតំណែងកំពូលក្នុងបក្សកុម្មុយនីស្តចិន»។
លោកបន្ថែមថា យុទ្ធនាការប្រឆាំងអំពើពុករលួយ បានឆ្លងផុតការវាយប្រហារជាលក្ខណៈបុគ្គលទៅដល់ចំណុចមួយទៀតគឺផ្តោតលើបក្សពួកផ្ទៃក្នុង និងពួកអ្នកនយោបាយប្រឆាំង។
លោក Chen Kuide និពន្ធនាយកសារព័ត៌មាន China Observe បានកត់សម្គាល់ឃើញថា លោក Xi Jinping មានទំនោរនៅក្នុងការគ្រប់គ្រងអំណាចបក្សកុម្មុយនីស្តចិន ដោយប្រឆាំងនឹងអ្នកដែលជំទាស់នឹងលោក បើធៀបទៅនឹងអ្នកកាន់តំណែងពីមុនគឺលោក Hu Jintao។ លោកបាននិយាយថា វាជារឿងធម្មតាទេដែលមានបក្សពួកផ្សេងៗក្នុងជួរបក្ស។
«ចំណុចទីមួយគឺថា តើពួកគេមានក្បួនល្បែងជាក់លាក់ណាមួយឬទេ ដែលនេះមានន័យថា តើវាដើរស្របនឹងច្បាប់ដែរទេ? ក្បួនទីពីរគឺថា តើវាមានតម្លាភាពគ្រប់គ្រាន់ដែរឬទេ?» លោក Chen បានបន្ថែមថា កត្តាទី៣គឺយុត្តិធម៌។
លោក Xi Jinping បាននិយាយក្នុងខែនេះដែរថា យុទ្ធនាការរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគួរតែត្រូវធ្វើឡើងដោយទូលំទូលាយ និងមានការរឹតត្បិតយ៉ាងតឹងរឹងដើម្បីត្រួតពិនិត្យមន្រ្តីពុករលួយ។ ទោះជាយ៉ាងណា លោក Chen បាននិយាយថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយធ្វើឡើងដោយការជ្រើសរើស ដោយសារតែលោក Xi Jinping មិនចង់ឲ្យប៉ះពាល់ដល់មូលដ្ឋានអំណាចរបស់លោក ដែលនោះជា «ព្រះអង្គម្ចាស់តូច»របស់បក្ស ដែលជាសាច់ញាតិអ្នកមានអំណាចរាប់ចាប់តាំងពីជំនាន់ទីមួយនៃការដឹកនាំបក្សកុម្មុយនីស្ត។
លោក Chen បានបន្តថា៖ «យើងដឹងហើយថា គ្រួសាររបស់លោក Li Peng មានជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយដ៏ធំមួយ។ អំពើពុករលួយរបស់លោកជាប់ពាក់ព័ន្ធរហូតដល់ការផ្គត់ផ្គង់អគ្គិសនី និងការរក្សាធនធានទឹក ហើយគ្មានអ្នកណាហ៊ានប្រឈមមុខជាមួយអ្វីដែលគាត់ធ្វើលើសលប់នោះទេ។ នេះមានន័យថា មេដឹកនាំបក្សកុម្មុយនីស្តជំនាន់ក្រោយៗ ដែលយើងហៅថា »ព្រះអង្គម្ចាស់តូច» នោះ មិនត្រូវបានរាប់បញ្ចូលក្នុងការបញ្ចប់អំណាចនេះទេ លើកលែងតែលោក Bo Xilai ដែលជាគូបដិបក្ខរបស់លោក Xi»។
ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា ការប្រកាន់បក្សពួក ក៏អាចមានផលប្រយោជន៍ផងដែរ ប៉ុន្តែដរាបណាការប្រកាន់បក្សពួកនោះនាំបក្សឲ្យដើរលើផ្លូវប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ ក្រុមជំនាញបានព្រមានថា ក្រុមបក្សពួកទាំងនោះមិនមានទំនោរជំរុញឲ្យមានការបង្កើតប្រព័ន្ធនយោបាយពហុនិយមមួយទេ ពីព្រោះចិននៅតែមានកង្វះខាតការពិភាក្សាបើកចំហរដើម្បីទទួលយកគំនិតនយោបាយផ្សេងៗគ្នា។ លោក Yang បានមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្ននេះ ធ្វើឲ្យសមាជិកបក្សមួយចំនួនគ្មានជម្រើស ក្រៅពី«តោងឲ្យជាប់ជាមួយបក្សកុម្មុយនីស្តចិន»៕
រាយការណ៍បន្ថែមដោយ Yuru Peng និង Anqi Hu។
ប្រែសម្រួលដោយ នៀម ឆេង