ក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនរយៈពេលពីរថ្ងៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង អ្នកតាមដាន ក៏ដូចជាប្រជាពលរដ្ឋ និស្សិតមួយចំនួនក្នុងរាជធានីភ្នំពេញ បានបង្ហាញមតិចម្រុះលើទំនាក់ទំនងរវាងអាមេរិកនិងចិន។ ពួកគេមួយចំនួនលើកឡើងថាពួកគេចង់ឱ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរមានស្ថានភាពល្អ ដើម្បីធានាផលប្រយោជន៍ពិភពលោក ក៏ដូចជាសម្រាប់កម្ពុជាផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយមេដឹកនាំចិនមួយចំនួនរួមទាំងលោកប្រធានាធិបតី Xi Jinping នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់១៩ ខែមិថុនា ឆ្នាំ២០២៣ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងដែលកើនឡើងរវាងប្រទេសទាំងពីរ។
ប្រជាពលរដ្ឋដែលវីអូអេបានធ្វើបទសម្ភាសន៍ភាគច្រើនបានលើកឡើងអំពីផលវិជ្ជមានដែលកើតចេញពីទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរ គឺចិននិងសហរដ្ឋអាមេរិក។
ព្រះតេជគុណ ជ្រុយ ឆាង អាយុ២៦ឆ្នាំ គង់នៅវត្តឧណ្ណាលោម មានសង្ឃដីកាថា ការប្រទាញប្រទង់គ្នារវាងមហាអំណាចប្រាកដណាស់នាំមកផលវិបាកទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ និងនយោបាយដល់ពិភពលោក ជាពិសេសប្រទេសតូចៗដូចជាកម្ពុជា។
ព្រះអង្គមានសង្ឃដីកាប្រាប់វីអូអេថា៖ «បើសិនជាត្រូវគ្នាក៏វាល្អដែរដូចថាវាល្អផ្នែកនយោបាយអីទៅ ផ្នែកសេដ្ឋកិច្ច អាចមានការទំនាក់ទំនងអ៊ីចឹងទៅ។ ហើយប្រទេសយើង ក៏វាមិនបង្កផលវិបាកច្រើនឬក៏ប្រទេសដទៃទៀត ក៏វាមិនបង្កផលវិបាកច្រើនដែរ»។
នៅពេលសួរថា តើកម្ពុជាប្រកាន់ជំហរបែបណានៅក្នុងអន្តរកាលនៃការប្រកួតប្រជែងគ្នារវាងចិន និងអាមេរិក ព្រះតេជគុណ ជ្រុយ ឆាង អះអាងថាកម្ពុជាហាក់ទោរទន់ទៅរកចិនខ្លាំងជាងអាមេរិក។
ព្រះអង្គបញ្ជាក់ថា៖ «បើខ្មែរយើងទន់ទោរទៅរកចិនច្រើន រាល់ថ្ងៃខ្ចីលុយចិនច្រើនតើដើម្បីកសាង ប៉ុន្តែយើងពឹងគេ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ក្នុងគោលបំណង ដើម្បីឱ្យប្រទេសយើងវិវឌ្ឍទៅមុខ ពីព្រោះប្រទេសយើងកំពុងតែអភិវឌ្ឍ»។
ព្រះតេជគុណបន្ថែមថា៖ «ការយល់ឃើញអាមេរិកល្អជាង។ បើសិនជាយើងមានទំនាក់ទំនងជាមួយអាមេរិក អាមេរិកល្អជាង តាមហេតុផលអាមេរិកជាប្រទេសមួយដែលសេរីសម្រាប់អាត្មាយល់ឃើញ តែប្រទេសចិន គឺកុម្មុយនីស្ត កាលណាយើងសេពគប់ជាមួយកុម្មុយនីស្តច្រើនពេក វានាំឱ្យប្រទេសយើងឈានទៅដល់កុម្មុយនីស្ត»។
លោក ហេង វិនសុង អាយុ២០ឆ្នាំ ជានិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លើកឡើងថាការឈ្លោះគ្នារបស់មហាអំណាចតែងតែនាំផលប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ពិភពលោក។ លោកបន្ថែមថាបើសិនជាមានភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នោះវាអាចនាំប្រយោជន៍ច្រើនដល់ពិភពលោក។
បើតាមនិស្សិតរូបនោះ ភាពរកាំរកូសនៃមហាអំណាចទាំងពីរបានបង្កើតផលវិបាកច្រើនដល់តំបន់អាស៊ីអាគ្នេយ៍ជារួម កម្ពុជាដោយឡែក ជាពិសេសពាក់ព័ន្ធជាមួយការឡើងថ្លៃទំនិញ។
នៅពេលនិយាយពីទំនាក់ទំនងកម្ពុជាជាមួយមហាអំណាចទាំងពីរ និស្សិតរូបនេះអះអាងថារដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនជាងអាមេរិក ដែលលោកមើលឃើញថាវាមិនសូវល្អដល់ប្រទេសកម្ពុជាឡើយ។
លោកថ្លែងថា៖ «ប៉ុន្តែកម្ពុជាជាធម្មតាគាត់ខាងប្រជាធិបតេយ្យ ប៉ុន្តែរាល់ថ្ងៃគឺយើងលម្អៀងទៅខាងកុម្មុយនីស្តច្រើនជាងខាងសេរី។ ខ្ញុំគិតថាអត់សូវជាល្អប៉ុន្មានទេ ដោយសារអី ប្រទេសចិនគឺជាប្រទេសមួយដែលកុម្មុយនីស្ត បើយើងផ្អែកទៅខាងសេរីច្រើន ប្រទេសយើងនឹងអាចអភិវឌ្ឍខ្លាំងជាងហ្នឹង»។
ចំណែកលោក ទូច រ៉ាឌី អាយុ៤៤ឆ្នាំ មានមុខរបរជាអ្នករត់ Passapp ក្នុងរាជធានីភ្នំពេញ លើកឡើងថាបើសិនប្រទេសមហាអំណាចទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា នោះវានឹងផ្ដល់ផលប្រយោជន៍ទាំងសេដ្ឋកិច្ច និងសន្ដិសុខដល់ប្រទេសជាសមាជិកអាស៊ានរួមទាំងកម្ពុជាផងដែរ។
ទោះជាយ៉ាងណា លោកមើលឃើញថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមាន ជំហរលម្អៀងទៅរកមហាអំណាចចិន ដែលជាដៃគូសេដ្ឋកិច្ចធំមួយ ខណៈជំនួយសេដ្ឋកិច្ចរបស់ចិនទាំងនោះ បានក្លាយជាបំណុលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកថ្លែងថា៖ «ហើយឥឡូវខ្មែរកំពុងតែវ័ណ្ឌករឿងខ្ចីលុយចិនហ្នឹងហើយ មានអ្នកណាចេញសង មានតែប្រជាពលរដ្ឋហ្នឹង ស្មានតែ ហ៊ុន សែន ចេញសងហី? លុយដែលខ្ចីពីចិនមកស្មានតែ ហ៊ុន សែន ឱ្យទៅរាស្រ្ដកម្ពុជាយើង អត់មានទេ»។
ស្រដៀងគ្នានេះ កញ្ញា ហាក់ ម៉ារឌី អាយុ២០ឆ្នាំ និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សម្តែងការព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានដល់កម្ពុជា ដែលកើតចេញពីទំនាក់ទំនងមិនល្អរវាងចិន និងអាមេរិក។ ដើម្បីបញ្ចៀសពីហានិភ័យនៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរនេះ និស្សិតរូបនេះផ្តល់យោបល់ថាការប្រកាន់ជំហរកណ្តាលជាការសំខាន់។
កញ្ញាថ្លែងថា៖ «ហើយណាមួយអាមេរិកក៏ជាសម្ពន្ធមិត្តរបស់កម្ពុជាដែរ អ៊ីចឹងយើងដូចជានៅកណ្ដាលអ៊ីចឹង។ យើងអត់អាចទៅខាងនេះពេកឬទៅខាងនោះអ៊ីចឹង ធ្វើម៉េចយើងត្រូវតែbalance(រក្សាតុល្យភាព)ខ្លួនឯង កុំឱ្យយើងលម្អៀងទៅខាងណាពេក»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថាកម្ពុជាប្រកាន់គោលជំហរអព្យាក្រឹត និងឯករាជ្យ ហើយការចោទប្រកាន់ដែលថាកម្ពុជាបម្រើឥទ្ធិពលប្រទេសចិនជារឿងមិនសមហេតុផល។
លោកប្រាប់វីអូអេថា៖ «ក៏ប៉ុន្ដែការចោទប្រកាន់កម្ពុជាថាបម្រើឥទ្ធិពលចិន វាអត់អ៊ីចឹងទេ អ្វីដែលចង់ជម្រាបជូននៅពេលដែលបោះឆ្នោតនៅអង្គការសហប្រជាជាតិពីរឿងអ៊ុយក្រែន និងរស្ស៊ី យើងនិងចិនមានជំហរខុសគ្នា ដូច្នេះកម្ពុជាបានបង្ហាញពីឯករាជ្យរបស់ខ្លួន បង្ហាញពីផលប្រយោជន៍របស់ខ្លួនពិតប្រាកដ»។
អ្នកតាមដាននៅកម្ពុជាលើកឡើងថាពិភពលោកសព្វថ្ងៃនេះមានសង្គ្រាមឬសន្តិភាព គឺត្រូវបានគូសវាសដោយប្រទេសមហាអំណាចទាំងនោះ។
លោក មាស នី អ្នកវិភាគនយោបាយ អះអាងថានៅពេលណាដែលមហាអំណាចបែកបាក់ឬក៏មានអរិភាពជាមួយគ្នា សណ្តាប់ធ្នាប់ពិភពលោកក៏រង្គោះរង្គើ ទៅតាមហ្នឹងដែរ។
លោកថ្លែងថា៖ «នៅពេលណាដែលទំនាក់ទំនងមហាអំណាចបែកបាក់គ្នាគឺនៅពេលនោះសង្គ្រាមត្រជាក់ចាប់ផ្តើមកើតឡើង ហើយកាន់តែក្តៅទៅៗ ហើយវានឹងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ពិភពលោក។ យើងឃើញហើយសូម្បីតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបច្ចុប្បន្ន ក៏វាធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់ពិភពលោក ដែលមហាអំណាចនីមួយៗ គឺគិតតែពីការបង្កើននូវការផលិតអាវុធ ហើយនិងប្រភេទអាវុធដែលត្រូវយកមកប្រើ ដើម្បីប្រល័យមនុស្សឬសម្លាប់មនុស្ស»។
ដោយសារតែការប្រណាំងប្រជែងគ្នារបស់មហាអំណាច ការកៀរគរកម្លាំង ដើម្បីចងសម្ពន្ធមិត្តយោធានៅតាមតំបន់នីមួយៗក៏ចាប់ផ្តើមកើនឡើង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចុះហត្ថលេខាបង្កើតសម្ពន្ធយោធាត្រីភាគី AUKUS។
សម្ពន្ធយោធានេះបង្កជាក្តីបារម្ភយ៉ាងខ្លាំងមកលើតំបន់អាស៊ាន។ នេះបើតាមលោក មាស នី។
លោក មាស នី ថ្លែងថាបើសិនជាការប្រទាញប្រទង់គ្នារវាងចិន និងអាមេរិកនៅតែបន្តអូសបន្លាយ កម្ពុជានៅតែជាភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ចិន។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន ថ្លែងថាបើទោះភាពរកាំរកូសបានកើតឡើងជាបន្តបន្ទាប់រវាងមហាអំណាចទាំងពីរនេះពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការទូតក៏ដោយ ភាគីទាំងពីរនៅតែព្យាយាមបង្កើតឱកាសជជែកគ្នា ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។
លោកថ្លែងថា៖ «យើងមើលឃើញដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទៅប្រទេសចិនថ្មីៗនេះ ក៏ជាកិច្ចការងារមួយដែលសហរដ្ឋអាមេរិកនៅបន្តបើកទ្វារនៅក្នុងការសន្ទនា ដើម្បីរិះរកមធ្យោបាយកែខៃបញ្ហា កាត់បន្ថយការប្រឈមមុខដាក់គ្នាដែលអាចបង្កឱ្យមានផលលំបាកហ្នឹង»។
បើតាមអ្នកតាមដានរូបនេះ តំបន់អាស៊ីអាគ្នេយ៍បានក្លាយចំណុចគោលមួយនៃការប្រកួតប្រជែងរបស់ចិននិងអាមេរិក ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់ ក៏ដូចជាពិភពលោកទាំងមូល។
បើនិយាយពីកម្ពុជាវិញ អ្នកតាមដានបានវាយតម្លៃថាឥទ្ធិពលរបស់ចិនបានជ្រាបចូលយ៉ាងជ្រៅមកលើកម្ពុជា។
ដើម្បីនៅតែអាចទាញប្រយោជន៍បាននិងដើម្បីអភិវឌ្ឍប្រទេសទៅមុខ លោក ប៉ា ច័ន្ទរឿន ផ្តល់យោបល់ថាមានតែដើរស្របទៅតាមរដ្ឋធម្មនុញ្ញតាមរយៈការប្រកាន់គោលនយោបាយអព្យាក្រឹតទេ ទើបកម្ពុជាក្លាយទៅដែនដីនូវអ្វីដែលលោកហៅថា«ផ្ការីកគ្រប់រដូវ»។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់ទីក្រុងប៉េកាំង ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរមានស្ថិរភាព។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បញ្ជាក់ថាភាគីទាំងពីរបានលើកឡើងអំពីបញ្ហាទ្វេភាគីនិងបញ្ហាសាកលជាច្រើន ក៏ដូចជាឱកាសនៅក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើបញ្ហាឆ្លងប្រទេសរួម។ ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាជំនួបនេះបានធ្វើឡើងនៅចំពេលសំខាន់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន និងថាវាចាំបាច់នៅក្នុងការ«ធ្វើឱ្យចរន្តវិលចុះក្រោមបញ្ច្រាសឡើងលើវិញ»។ ភាគីចិនបន្ថែមថាកត្តាសំខាន់បំផុតនៅក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព គឺការគោរពគ្នាទៅវិញទៅមក៕