លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា មេដឹកនាំពិភពលោកមួយចំនួនដែលលោកបាននិយាយជាមួយ មានការព្រួយបារម្ភអំពីវត្តមានរបស់លោក Donald Trump ដែលជាបេក្ខជនឈរឈ្មោះប្រធានាធិបតីនៅក្នុងឆ្នាំ២០១៦ ហើយលោកក៏បានធ្វើការរិះគន់ធ្ងន់ៗទៅលើមហាសេដ្ឋីដែលនិយាយបំផ្លើសរូបនេះផងដែរ។
ដោយថ្លែងទៅកាន់អ្នកកាសែតនៅក្នុងទីក្រុងឆ្នេរសមុទ្រ Ise Shima នៅប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងថ្ងៃទីមួយនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោកនៃប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងបំផុតទាំង៧ លោកប្រធានាធិបតីបានថ្លែងថា ពិភពលោកកំពុងតែផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសារតែសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងចំណុចសំខាន់នៃសណ្តាប់ធ្នាប់ពិភពលោក។
លោក Trump នាំមុខគេនៅក្នុងការប្រជែងដើម្បីទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋ ដោយផ្អែកលើសម្តីដ៏ចម្រូងចម្រាសរបស់លោកអំពីជនអន្តោប្រវេសន៍និយាយភាសាអេស៉្បាញនិងអ្នកកាន់សាសនាឥស្លាម។ លោកTrump ក៏បានស្នើឲ្យដកកម្លាំងយោធាអាមេរិកពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងផងដែរ ដោយអនុញ្ញាតឲ្យប្រទេសទាំងនោះប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើងបាន។
លោកអូបាម៉ាបាននិយាយថា បណ្តាមេដឹកនាំដែលជាដៃគូរបស់លោកមិនច្បាស់នោះទេ ថានឹងយកចិត្តទុកដាក់លើសម្តីរបស់លោក Trump ប៉ុណ្ណា ដែលសម្តីរបស់លោក Trump បង្ហាញពីការមិនយល់ដឹងពីកិច្ចការពិភពលោក ឬអាកប្បកិរិយាកោងកាច ឬជាចំណាប់អារម្មណ៍ដើម្បីទទួលបានព័ត៌មានបង្ហោះលើបង្ហាញសង្គម tweeter និងចុះផ្សាយលើកាសែតទំព័រមុខ។
លោកប្រធានាធិបតីអាមេរិកបាននិយាយថា លោកនិងមេដឹកនាំ G-7 ដទៃទៀតបានពិភាក្សាអំពីឧបសគ្គដែលប្រឈមនឹងសេដ្ឋកិច្ចសាកលលោកនៅក្នុងថ្ងៃទីមួយនៃកិច្ចប្រជុំកំពូលនេះ និងមធ្យោបាយក្នុងការរក្សាសេដ្ឋកិច្ចដែលបានស្តារនៅក្នុងសហរដ្ឋអាមេរិកនោះ៕