លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី ដែលជាអ្នកតំណាងឲ្យលទ្ធិប្រជាធិបតេយ្យមកកាន់សេតវិមាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃពុធនេះ។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីស៊ូជីមកកាន់សហរដ្ឋអាមេរិកក្នុងឋានៈលោកស្រីជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលនេះជាតំណែងដែលលោកស្រីបានធ្វើ ដោយសារតែរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងកាលពីសម័យប្រទេសមីយ៉ាន់ម៉ាដឹកនាំដោយពួកយោធា បានរារាំងលោកស្រីមិនឲ្យធ្វើជាប្រធានាធិបតី ដោយសារតែស្វាមី និងកូនៗរបស់លោកស្រីមានសញ្ជាតិបរទេស។
លោកស្រីអង់សាន ស៊ូជីបានចំណាយអស់រយៈពេល ២០ ឆ្នាំ ស្ថិតក្នុងការឃុំខ្លួននៅក្នុងគេហដ្ឋានរបស់លោកស្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពីមុនគេស្គាល់ថា ប្រទេសភូមា។ ជំនួបរបស់លោកស្រីជាមួយលោកអូបាម៉ានៅក្នុងសេតវិមានលើកនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាដ៏ច្បាស់មួយដែលបញ្ជាក់ថា លោកស្រីគឺជាមេដឹកនាំស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីសេតវិមានបញ្ជាក់ថា លោកអូបាម៉ាចង់ស្ដាប់ទស្សនៈរបស់លោកស្រីស៊ូជីទាក់ទិននឹងបញ្ហាដែលថាសហរដ្ឋអាមេរិកគួរធ្វើអ្វីខ្លះដើម្បីដកទណ្ឌកម្មចេញពីប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំងពីបានឡើងកាន់តំណែងតាំងពីចុងខែមិនាមក លោកស្រីមិនទាន់បានអំពាវនាវឲ្យមានការបញ្ឈប់នូវការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅឡើយទេ ដែលនេះត្រូវបានគេមើលឃើញថា ជាឥទ្ធិពលមួយជួយជំរុញឲ្យពួកយោធាអនុញ្ញាតឲ្យមានការធ្វើកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យ។
នៅឯសន្និសីទអំពីប្រទេសមីយ៉ាន់ម៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារម្សិលមិញ លោក Ben Rhodes ទីប្រឹក្សារងទទួលបន្ទុកផ្នែកសន្តិសុខជាតិរបស់លោកអូបាម៉ាបាននិយាយថា សេតវិមានចង់ធ្វើឲ្យច្បាស់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងមិនរារាំងដល់ការវិនិយោគផ្នែកសេដ្ឋកិច្ច ដែលអាចជួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ានោះទេ៕