លោកប្រធានាធិបតីសរអា អូបាម៉ា ថ្លែងថា សរអានឹងចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី ឬរដ្ឋាភិបាលបរទេសណាដែលព្យាយាមលូកលាន់ចូលការបោះឆ្នោតនៅសរអា។
«ខ្ញុំគិតថាជាការច្បាស់លាស់ណាស់ថានៅពេលណាដែលរដ្ឋាភិបាលបរទេសណាមួយព្យាយាមធ្វើឲ្យប៉ះពាល់ដល់ភាពសុចរិតនៃការបោះឆ្នោតរបស់យើង យើងត្រូវតែចាត់វិធានការឆ្លើយតប។ ហើយយើងនឹងចាត់វិធានការ» នេះជាសម្តីដើមរបស់លោកប្រធានាធិបតី នៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយវិទ្យុសាធារណជាតិ ដែលនឹងត្រូវចាក់ផ្សាយទាំងស្រុងនៅថ្ងៃសុក្រនេះ។
លោកអូបាម៉ាបន្ថែមទៀតថា៖ វិធានការខ្លះនឹងមានភាពច្បាស់លាស់ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ហើយវិធានការខ្លះទៀត ប្រហែលជាមិនដូច្នោះទេ»។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានសន្មត់ថាពួកអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិតរុស្ស៊ី បានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យដើម្បីបង្ហាញនូវសារអ៊ីម៉ែលអាម៉ាស់មុខស្តីពីយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកស្រី Hillary Clinton ក្នុងគោលបំណងដើម្បីជួយឲ្យលោក Donald Trump នៃគណបក្សសាធារណរដ្ឋឈ្នះឆ្នោតក្នុងការបោះឆ្នោតកាលពីខែមុន។ ក្រុមមន្ត្រីជាន់ខ្ពស់នៃសេតវិមានថ្លែងថាការលួចចូលបែបនេះមិនអាចកើតឡើងបានទេ បើសិនជាគ្មានការពាក់ព័ន្ធរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ឬបើលោកមិនបានដឹងផ្ទាល់នោះ។
រដ្ឋាភិបាលក្រុងមូស្គូបានហៅការចោទប្រកាន់បែបនេះថាជាការ «និយាយផ្តេសផ្តាសគួរឲ្យអស់សំណើច»។ លោក Trump បានចោទសួរក្នុងសារ Twitter មួយថាបើសិនជារុស្ស៊ី ឬអ្នកណាធ្វើអញ្ចឹងមែន ហេតុអ្វីបានជាសេតវិមានរង់ចាំយូរម្លេះទើបចាត់វិធានការ? ហើយថាហេតុអ្វីបានជាគេរអ៊ូក្រោយលោកស្រី Hillary ចាញ់ឆ្នោតទៅវិញ»?