លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានស្វះស្វែងបញ្ជាក់ឡើងវិញដល់ប្រជាពលរដ្ឋអាមេរិកាំងពីការផ្លាស់ប្តូរអ្វីដែលលោកបានទទួលស្គាល់ថា ជាសប្តាហ៍ដ៏ឈឺចាប់បន្ទាប់ពីការបាញ់សម្លាប់របស់ប៉ូលិស២រូបដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក និងបានវាយប្រហារដែលបានធ្វើឲ្យប៉ូលិស៥នាក់ស្លាប់នៅក្នុងទីក្រុង Dallas។
លោកប្រធានាធិបតី អូបាម៉ា បាននិយាយកាលពីថ្ងៃសៅរ៍នៅឯសន្និសីទកំពូលរបស់អង្គការអូតង់នៅក្នុងរដ្ឋធានីវ៉ាសូវី ក៏ប៉ុន្តែ លោកប្រធានាធិបតី បានចំណាយពេលវេលាច្រើននៃសន្និសីទកាសែតរបស់លោកដើម្បីនិយាយពីព្រិត្តិការណ៍នៅក្នុងសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី កាត់បន្ថយដំណើរបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុបរយៈពេលមួយថ្ងៃហើយនឹងវិលត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញនៅយប់ថ្ងៃអាទិត្យនេះ។លោកប្រធានាធិបតីមានផែនការធ្វើដំណើរទៅកាន់ទីក្រុងDallas ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៅតាមការអញ្ជើញរបស់លោក Mike Rawlings អភិបាលក្រុង។
ទីក្រុងនោះស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នកាលពីថ្ងៃសៅរ៍ ជាពិសេសបន្ទាប់ពីប៉ូលីសក្រុង Dallas បានទទួលការគំរាមអាណាមិកមួយប្រឆាំងនឹងមន្រ្តីប៉ូលីសនៅទូទាំងទីក្រុង។ ប៉ូលិសបាននិយាយថា ការគំរាមកំហែងនេះបាននាំឲ្យពួកមន្រ្តីបិទទីស្នាក់ការហើយបានបិទជុំវិញអាគារដែលជាវិធានការប្រុងប្រយ័ត្ន។
នៅក្នុងប្រទេសប៉ូឡូញ លោកប្រធានាធិបតីអូបាម៉ា បានថ្លែងបើកសុន្ទរកថារបស់លោកដោយមានការនិយាយពីការបាញ់ប្រហារនៅទីក្រុង Dallas ដោយលោកប្រធានាធិបតីមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ប្រទេសអាមេរិកមិនមានការបែកបាក់ដូចដែលមនុស្សខ្លះបាននិយាយនោះទេ»។ លោកប្រធានាធិបតីបានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសនេះមានគ្រឹះដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលខ្លួនប្រឈម រួមមានបញ្ហាភាពតានតឹងរវាងសហគមន៍ពង្រឹងច្បាប់និងសហគមន៍ជនជាតិភាគតិច៕