លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់វិមានជាតិនៃប្រទេសអេត្យូពី ដើម្បីធ្វើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Hailemariam Desalegn និងដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយប្រមុខរដ្ឋនៃបណ្តាប្រទេសអាហ្វ្រិកខាងកើត ដើម្បីពិភាក្សាគ្នាអំពីជម្លោះក្នុងប្រទេសស៊ូដង់ខាងត្បូង។
ទស្សនកិច្ចនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះគ្រាប់បែកនៅសណ្ឋាគារមួយ ក្នុងទីក្រុង Mogadhishu នៃប្រទេសសូម៉ាលី ដែលសម្លាប់មនុស្សអស់យ៉ាងតិច១៣នាក់ ហើយក្រុមភេរវជន al-Shabab បានចេញមុខទទួលខុសត្រូវនោះ។
កិច្ចពិភាក្សានៅថ្ងៃចន្ទជាមួយលោកនាយករដ្ឋមន្ត្រី Desalegn ត្រូវគេរំពឹងថានឹងផ្តោតទៅលើវិធានការនៃការបង្ក្រាបពួកភេរវជន ដោយស.រ.អា.ចាត់ទុកប្រទេសអេត្យូពីជាដៃគូសំខាន់ក្នុងការប្រយុទ្ធជាមួយពួកឥស្លាមនិយមជ្រុល al-Shabab និងក្នុងការជួយធ្វើឲ្យប្រទេសអេត្យូពី មានស្ថិរភាព។
សេតវិមានបានប្រកាសថាស.រ.អា.គ្រោងផ្តល់ប្រាក់ជំនួយយ៉ាងតិច៤០លានដុល្លារ សម្រាប់ការទប់ទល់ជាមួយពួកជ្រុលនិយមនៅអាហ្រ្វិកខាងកើត បន្ថែមពីលើជំនួយជាង៤៦៥លានដុល្លារ ដែលស្នើឡើងសម្រាប់ការហ្វឹកហាត់ ការទិញឧបករណ៍ ការបង្កើនសមត្ថភាព និងការតទល់ជាមួយសកម្មភាពហិង្សារបស់ពួកនិយមជ្រុលនៅទូទាំងទ្វិបអាហ្រ្វិក។
ជំនួយនេះបានប្រកាសឡើង ខណៈពេលដែលក្រុមមន្ត្រីសេតវិមានបានថ្កោលទោសយ៉ាងខ្លាំងខ្លា ចំពោះការដាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យនៅសណ្ឋាគារ Jazeera ក្នុងទីក្រុង Mogadishu ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ១៣នាក់៕