លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានធ្វើដំណើរកាលពីថ្ងៃអាទិត្យទៅកាន់ទ្វីបអាស៊ីដើម្បីចូលរួមសន្និសីទកំពូលខាងសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ភូមានិងប្រទេសអូស្រ្តាលីដែលជាដំណើរបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ជំរុញការនាំចេញទំនិញរបស់អាមេរិក ហើយនឹងធ្វើការបញ្ជាក់ឡើងវិញដល់ដៃគូនានានៅអាស៊ីចំពោះការប្រឈមនឹងអាកប្បកិរិយាដ៏គគ្លើនកាន់តែកើនឡើងរបស់ចិននៅក្នុងតំបន់។ លោកអូបាម៉ានឹងប្រឈមនឹងសំណួរស្តីពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកផ្លាស់ប្តូរការយកចិត្តទុកដាក់ខាងយោធារបស់ខ្លួននៅតំបន់អាស៊ី រួមមាន ថាតើការធ្វើឲ្យមានតុល្យភាពឡើងវិញអាចកើតមានឡើងដែរឬទេ។ ដោយអំណាចរបស់លោកបានត្រូវបន្ថយ បន្ទាប់ពីបរាជ័យរបស់គណបក្សលោកនៅក្នុងការបោះឆ្នោតសភានោះ ពួកអ្នកវិភាគនិយាយថា ការសន្យា ឬការធានាអះអាងណាមួយរបស់លោកប្រធានាធិបតីដែលធ្វើជាមួយដៃគូអាស៊ីនឹងត្រូវជួបការមន្ទិលសង្ស័យ។
ដំណើរបំពេញទស្សនកិច្ចនេះកើតមានឡើងចំពេលវេលាមិនល្អសម្រាប់ប្រធានាធិបតីអូបាម៉ាទេ។ ចិន ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សហើយនឹងការលូតលាស់សមត្ថភាពខាងយោធាក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះ បានប្រុងប្រៀបបង្កើនការប្រឈមមុខជាមួយមេដឹកនាំសហរដ្ឋអាមេរិក ដែលឥឡូវនេះបានចុះខ្សោយអំណាចដោយសារលទ្ធផលនៃការបោះឆ្នោត។
ប៉ុន្មានថ្ងៃមុនពេលចាកចេញដើម្បីចូលរួមសន្និសីទកំពូលសេដ្ឋកិច្ចអាស៊ីក្នុងរដ្ឋធានីប៉េកាំងហើយនឹងការប្រឈមមុខសភាថ្មីដែលត្រួតត្រាដោយពួកគណបក្សសាធារណរដ្ឋនោះ លោកអូបាម៉ាបានប្រាប់ពួកអ្នកយកព័ត៌មានថា បេសកកម្មមួយនៃបេសកកម្មនានារបស់លោកក្នុងតំបន់អាស៊ីគឺជំរុញការនាំចេញទំនិញរបស់អាមេរិកដើម្បីបង្កើតការងារនៅក្នុងអាមេរិក។
«យើងអាចធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យលូតលាស់ការនាំចេញនូវទំនិញរបស់យើង ហើយនឹងបើកទីផ្សារថ្មីសម្រាប់ក្រុមហ៊ុនរបស់យើង ដើម្បីលក់ទំនិញធ្វើនៅអាមេរិកកាន់តែច្រើនឡើងទៅកាន់ផ្នែកនានារបស់ពិភពលោក។ នេះជាអ្វីដែលខ្ញុំនឹងត្រូវផ្តោតការយកចិត្តទុកដាក់ នៅពេលដែលខ្ញុំ ធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅសប្តាហ៍នេះ»។
ក៏ប៉ុន្តែការជំរុញរបៀបវារៈនេះជាមួយចិនមិនមែនជាការងាយស្រួលទេ។
មុនពេលលោកប្រធានាធិបតីបានអញ្ជើញទៅដល់ទីក្រុងប៉េកាំង មានសញ្ញានៃបញ្ហាប្រឈមកំពុងរង់ចាំប្រធានាធិបតីសហរដ្ឋអាមេរិក។ កាសែតផ្លូវការមួយរបស់ចិនបាននិយាយនៅក្នុងរបៀបបង្អាប់ថា ការបោះឆ្នោតដែលគណបក្សរបស់លោកប្រធានាធិបតីចាញ់ ហើយនឹងការថយចុះអំណាចគឺជាផលវិបាកនៃបរាជ័យរបស់លោកអូបាម៉ា។ កាសែតនោះ ក៏បានពណ៌នាលោកប្រធានាធិបតីថា សោះកក្រោះនិងគ្មានខ្លឹមសារ។
ពួកអ្នកវិភាគនិយាយថា សម្រាប់លោកប្រធានាធិបតីអាមេរិក ចិនដែលកំពុងពង្រីកយោធារបស់ខ្លួនហើយនឹងការទាមទារយកដែនសមុទ្រក្នុងសមុទ្រចិនខាងកើត និងខាងត្បូងគឺជាបញ្ហាប្រឈមខាងសន្តិសុខដ៏ធំបំផុតដែលត្រូវដោះស្រាយ។
កាលពីឆ្នាំទៅ នៅក្នុងរដ្ឋ California ប្រធានាធិបតីអូបាម៉ា និងមេដឹកនាំចិន ស៊ី ជីងពីងបានព្រមព្រៀងគ្នាថា ពួកអស់លោកត្រូវការគម្រូថ្មីមួយសម្រាប់ទំនាក់ទំនងរវាងមហាអំណាចបច្ចុប្បន្ន ហើយនឹងមហាអំណាចមួយទៀត ដែលកំពុងងើបឡើង។
លោក Tom Donilon អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោកអូបាម៉ា និយាយថា ជំនួបរបស់មេដឹកនាំទាំង២នៅពេលនេះសំខាន់ណាស់។
«តាមការវិនិច្ឆ័យរបស់ខ្ញុំ វាជាជំនួបទ្វេភាគីដ៏សំខាន់បំផុតដែលលោកប្រធានាធិបតីធ្វើនៅឆ្នាំនេះ»។
ក៏ប៉ុន្តែ លោក Robert Daly អតីតអ្នកការទូតសហរដ្ឋអាមេរិក រំពឹងថា គ្មានការពិភាក្សារបៀបគួរសមទៀតទេ។
«សព្វថ្ងៃនេះ គ្មានភាគីណាមួយមានឆន្ទៈនិយាយចំៗអំពីការសម្របសម្រួលដែលខ្លួននឹងធ្វើនោះទេ។ ចំពោះប្រទេសចិន ចំណុចជាក់លាក់ដែលចិនមិនចូលចិត្តនោះគឺការរៀបចំក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។ ចិនមិនដែលបានឆ្លើយបំភ្លឺអំពីអ្វីដែលខ្លួនចង់ធ្វើឲ្យសម្រេច តែធ្វើមិនបានទេ នៅក្រោមការរៀបចំនៅពេលបច្ចុប្បន្ននេះ»។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រធានាធិបតីអូបាម៉ាធ្វើដំណើរទៅកាន់ប្រទេសភូមា ដែលនៅទីនោះលោកប្រធានាធិបតីនឹងជួបជាមួយពួកមេដឹកនាំភូមា ហើយនឹងលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រឆាំង ដែលលោកប្រធានាធិបតីបានជួបកាលពីដំណើរបំពេញទស្សនកិច្ចកាលពីពេលមុន។
នៅឯសន្និសីទកំពូលអាស៊ីខាងកើតហើយនឹងនៅឯជំនួបជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោកប្រធានាធិបតីអូបាម៉ានឹងដោះស្រាយបញ្ហាស្តីពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកផ្តោតលើកម្លាំងយោធារបស់ខ្លួននៅតំបន់អាស៊ី។ ដំណើរបំពេញទស្សនកិច្ចនេះបញ្ចប់នៅទីក្រុង Brisbane នៃប្រទេសអូស្រ្តាលី ទីដែលលោកប្រធានាធិបតីអូបាម៉ានឹងចូលរួមសន្និសីទកំពូល G-20 ដែលនៅទីនោះលោកប្រធានាធិបតីមានផែនការថ្លែងស្តីពីតួនាទីរបស់សហរដ្ឋអាមេរិកជាមេដឹកនាំក្នុងតំបន់អាស៊ី៕
លោកជឹង ប៉ូជីនប្រែសម្រួល