លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​គុយបា

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ឈរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​គុយបា Raul Castro មុន​កិច្ចប្រជុំ​ទ្វេភាកី​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប.។

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​ទៅ​កាន់​ប្រទេស​គុយបា​នៅ​ខែ​ក្រោយ​ជា​ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។ ចំណាត់​ការ​នេះ ដែល​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បត៍​ក៏​ផ្តល់​យោបល់​ឲ្យ​លោក​ប្រធានាធិបតី អូបាម៉ា​ ធ្វើ​ការ​តាំង​ចិត្ត​ជំរុញ​ឲ្យ​មាន​ការ​ជឿនលឿន​ទៅ​មុខ​នូវ​អ្វី​ដែល​លោក​ប្រធានាធិបតី​មើល​ឃើញ​ថា ​ជា​កេរ្តិ៍​ដំណែលនៃ​សមិទ្ធិផល​មួយ​មុន​ពេល​លោក​ប្រធានាធិបតី​ចាក​ចេញ​ពី​តំណែង​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ដោយ​គិតតាំង​ពី​ពេល​ឥឡូវ​នេះ​ទៅ។

​ចាប់​តាំង ​ចំណង​ទាក់ទង​ជា​ប្រវត្តិសាស្រ្ត ​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤​មក ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ដោយ​ការ​បំបែក​ឧបសគ្គ​ខាង​ការ​ទូត​ជាមួយ​អតីត​សត្រូវ​សម័យ​សង្គ្រាម​ត្រជាក់​នេះ។​ ការ​ជោគ​ជ័យ​ទាំង​នោះ ​រួម​មាន​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ខាង​ការ​ទូត​ឡើង​វិញហើយ​និង​ការ​បើក​ស្ថានទូត​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ទាំង​២។​ សហរដ្ឋ​អាមេរិក ​បាន​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម។​ លោក​ប្រធានាធិបតី​អូបាម៉ា​ និង​ប្រធានាធិបតី​រ៉ាអ៊ូល ​កាស្ត្រូ (Raul Castro) ​នៃ​ប្រទេស​គុយបា ​បាន​ពិភាក្សា​គ្នាជា​ប្រចាំ​ហើយ​និង​បាន​ជួប​គ្នា​ចំនួន​២​លើក។

​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ខិតខំ​ធ្វើ​ការងារដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ខិត​ជិត​ចូល​គ្នា​នេះ ​ទៅ​ឆ្ងាយ​ហួស​ពី​និមិត្តរូប​ទៅ​ទៀត។

​ការ​ប្រើ​ប្រាស់​អំណាច​និតិ​ប្រតិបត្តិ​របស់លោក ​លោក​ប្រធានាធិបតី ក៏​បាន​សម្រួល​ការ​រឹតត្បិត​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក​លើ​វិស័យ​ពាណិជ្ជកម្ម ​ការ​វិនិយោគទុន​ និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​គុយបា។ វិធានការ​ចុង​ក្រោយ​បង្អស់ ​បាន​កើត​ចេញ​កាល​ពី​សប្តាហ៍​មុន ​នៅពេល​ដែល​ប្រទេស​ទាំង​២ ​បានឈោង​ដល់​ការ​រៀប​ចំ​ចាត់​ចែង​មួយ​ដើម្បីធ្វើ​ឲ្យ​មានឡើង​វិញ​នូវ​ជើង​ហោះ​ហើរពាណិជ្ជកម្ម​ដោយ​ផ្ទាល់​លើក​ទី​មួយ​រវាង​ប្រទេស​ទាំង​២នៅ​ក្នុង​រយៈ​ពេល​ជាង​៥០​ឆ្នាំ​នេះ៕