នៅក្នុងក្រុង Colorado Springs រដ្ឋ Colorado នៅដើមខែមិថុនា លោក អូបាម៉ា បានជំរុញឲ្យមន្រ្តីយោធាជើងអាកាសថ្មីចំនួនជាង ៨០០នាក់ មិនឲ្យដកថយចេញពីការពាក់ព័ន្ធ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។
លោកបានមានប្រសាសន៍ថា «យើងមិនអាចធ្វើជាជនប្រកាន់ភាពឯកោនិយមបានទេ។ វាមិនអាចទៅរួចឡើយ នៅក្នុងពិភពលោកដែលមានលក្ខណៈប្រកបដោយសកលភាវូបនីយកម្ម និងមានលក្ខណៈជាបណ្តាញពាក់ព័ន្ធគ្នា។ នៅក្នុងពេលវេលាមិនទៀងទាត់នេះ ពេលខ្លះយើងចង់ ព្យាយាមដកថយ និងងាកចេញពីជម្លោះផ្សេងៗ ដែលហាក់ដូចជាមិនងាយនឹងដោះស្រាយ ហើយទុកឲ្យប្រទេសដទៃទៀតដោះស្រាយដោយខ្លួនឯង»។
ទោះបីជាលោកមិនដែលលើកឡើងពីរដូវកាលបោះឆ្នោតបឋម ប្រកបដោយភាពចម្រូងចម្រាសនោះក៏ដោយ សេចក្តីអធិប្បាយរបស់លោក អូបាម៉ា គឺជាការរិះគន់ដោយប្រយោលមួយ ទៅលើលោក Donald Trump ដែលត្រូវសន្មតថានឹងជាប់ជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ ដែលបានកោះហៅឲ្យមានការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ិចកូ ក៏ដូចជាការវាយតម្លៃការប្តេជ្ញារបស់សហរដ្ឋអាមេរិកទៅកាន់អង្គការណាតូ។
លោក អូបាម៉ា បានថ្លែងថា «យើងមិនអាចវិលត្រលប់ចូលក្នុងបានទេ។ យើងមិនត្រូវចុះញ៉មនឹងភាពឯកោនិយមឡើយ។ នោះគឺជាការលួងចិត្តក្លែងក្លាយ»។
ទំនាក់ទំនងការទូត និងសន្ធិសញ្ញាផ្សេងៗ
លោកបានធ្វើការក្រើនរំឮកទៅកាន់ទៅនិស្សិតបញ្ចប់ការសិក្សាថា កងកម្លាំងយោធាអាមេរិកតែឯង មិនអាចដោះស្រាយគ្រប់បញ្ហាទាំងអស់បាននោះទេ ហើយបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ទំនាក់ទំនងការទូត និងសន្ធិសញ្ញាផ្សេងៗ។
លោក អូបាម៉ា បាននិយាយថា «យើងត្រូវតែប្រើប្រាស់នូវគ្រប់មធ្យោបាយ គ្រប់ធាតុទាំងអស់នៃអំណាចរបស់ជាតិយើង។ នេះជាបែបផែនដែលយើងបានឈ្នះសង្រ្គាមត្រជាក់ ដោយមិនត្រឹមតែជាមួយនឹងកម្លាំងនៃសព្វាវុធរបស់យើងនោះទេ ប៉ុន្តែ ជាមួយនឹងអំណាចនៃគំនិតនិង អំណាចនៃទង្វើគំរូរបស់យើង»។
លោក អូបាម៉ា បានបន្តថា សន្ធិសញ្ញាផ្សេងៗ ដូចជាសន្ធិសញ្ញាមួយ ដែលបានបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ហៅកាត់ថា «ណាតូ» (NATO) ឬសន្ធិសញ្ញានានា ដែលដាក់កំហិតលើអាវុធទូទៅ ឬអាវុធនុយក្លេអ៊ែរ «ជួយរក្សាសុវត្ថិភាពរបស់ពួកយើង» ដោយនិយាយថា នេះជាវិធីមួយ ប្រកបដោយប្រសិទ្ធភាពបំផុត សម្រាប់សហរដ្ឋអាមេរិក នៅក្នុងការដឹកនាំកិច្ចការពិភពលោក។
«សឹងតែគ្រប់បញ្ហាទាំងអស់ ពិភពលោកសង្ឃឹមលើពួកយើងក្នុងការកំណត់នូវរបៀបវារៈ។ នេះជារឿងពិតមួយ៖ សហរដ្ឋអាមេរិកនៅតែជាប្រទេសមហាអំណាចខ្លាំងជាងគេបង្អស់នៅលើពិភពលោក និងជាកងកម្លាំងមួយជារៀងរហូត។ នៅពេលដែលមានបញ្ហាមួយនៅជុំវិញពិភពលោក ពួកគេមិនហៅរដ្ឋាភិបាលក្រុងប៉េកាំង ឬរដ្ឋាភិបាលក្រុងមូស្គូឡើយ។ ពួកគេហៅយើង»។
លោកក៏បានប្រាប់ទៅនិស្សិតបញ្ចប់ការសិក្សាថា យោធាអាមេរិក «គឺជាកម្លាំងប្រយុទ្ធដ៏មានសមត្ថភាពបំផុតនៅលើផែនដី»។ សេចក្តីអធិប្បាយរបស់លោក គឺសំដៅទៅក្រុមអ្នករិះគន់គាំទ្រគណបក្សសាធារណរដ្ឋ ដែលបាននិយាយថា យោធាអាមេរិកត្រូវបានបំផ្លាញនៅក្រោមការដឹកនាំរបស់លោក។
ទោះបីជាមានអ្វីដែលលោកហៅថាជាសម័យកាលប្រកបដោយសន្តិភាព និងរុងរឿងនៅក្នុងប្រវត្តិសាស្រ្តក៏ដោយ លោក អូបាម៉ា បាននិយាយថា មានការគំរាមកំហែងធ្ងន់ធ្ងរដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ ដូចជា បណ្តាញភេរវកម្ម ក្រុមរដ្ឋឥស្លាម ប្រទេសរុស្ស៊ី ជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង ការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់។
បញ្ហាប្រឈមសម្រាប់ជំនាន់របស់អ្នក
កត្តាទាំងនេះ «កំពុងតែធ្វើតេស្តទៅលើរចនាសម្ព័ន្ធអន្តរជាតិដែលយើងបានរៀបចំឡើង ទីដែលអធិបតេយ្យភាពរបស់ប្រទេសនានាត្រូវបានគោរព ហើយគ្រប់ប្រជាជាតិត្រូវតែគោរពតាមច្បាប់ដូចគ្នា។ វិធីសាស្រ្តដែលអ្នកត្រូវប្រឈមនឹងការគំរាមកំហែងទាំងនោះយ៉ាងណា ខណៈពេលដែលអ្នកត្រូវចាប់យកនូវឱកាសដ៏ប្រសើរបំផុតនៃវេលាក្នុងប្រវត្តិសាស្រ្តមួយនេះ គឺនឹងក្លាយជាការប្រឈមរបស់អ្នក និងការប្រឈមនៃជំនាន់របស់អ្នក»។
ក្រុមមន្រ្តីទ័ពអាកាសបាននិយាយថា នៅក្នុងចំណោមនិស្សិត៨១២នាក់ មាន៣៤៥នាក់នឹងធ្វើការហ្វឹកហាត់ជាអ្នកបើកយន្តហោះ ហើយ៦០នាក់ នឹងធ្វើការហ្វឹកហាត់ជាអ្នកបញ្ជាយន្តហោះពីចម្ងាយ ដូចជា យន្តហោះគ្មានមនុស្សបើក ដែលបានក្លាយជាឧបករណ៍ចម្បងនៅក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់សហរដ្ឋអាមេរិក។ នៅក្នុងចំណោមនោះ និស្សិតស្រីមានប្រហែលមួយភាគបួន។
កាលពីដើមឆ្នាំនេះ លោក អូបាម៉ា បានធ្វើសុន្ទរកថាក្នុងពិធីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Howard និងមហាវិទ្យាល័យ Rutgers៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា