លោក​អូបាម៉ា​នឹង​ដឹកនាំ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​លើ​បញ្ហា​អ៊ុយក្រែន​នៅ​កិច្ចប្រជុំ G7

លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​ ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រជុំ​ពីរ​ថ្ងៃ​នៃ​ក្រុម​ប្រទេស​ចំនួន​៧ដែល​ជា​ប្រទេស​មាន​ឧស្សាហកម្ម​នាំ​មុខ​គេ​ក្នុង​ពិភពលោក។

លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​ធ្វើ ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រជុំ​ពីរ​ថ្ងៃ​នៃ​ក្រុម​ប្រទេស​ចំនួន​៧ដែល​ជា​ប្រទេស​មាន​ឧស្សាហកម្ម​នាំ​មុខ​គេ​ក្នុង​ពិភពលោក។

នៅ​ពេល​ដែល​ពាណិជ្ជកម្ម​ស្ថិត​នៅ​ក្នុងរបៀបវារៈ​ផ្លូវការ​សម្រាប់​ការ​ប្រជុំ​នេះ​ក៏​ដោយ ក៏​គេ​រំពឹង​ថា​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ដោយ​មាន​រួម​បញ្ចូល​ការ​កាន់កាប់​ដែនដី​គ្រីម៉េ​ដោយ​រុស្សី​ នឹង​ឋិត​នៅខ្ពស់​ក្នុង​របៀបវារៈនៃ​ការ​ប្រជុំ​នេះ។​

ប្រទេស​រុស្សី​ធ្លាប់​ជា​ផ្នែក​មួយនៃ​អ្វី​ដែល​គេស្គាល់​ថា​ក្រុម​ប្រទេស៨​ចាប់តាំង​ពី​ឆ្នាំ​១៩៩៨​មក​ ក៏​ប៉ុន្តែ​រុស្សី​បាន​ត្រូវ​បណ្តេញ​ចេញ​កាលពី​ឆ្នាំទៅ​មិញ​ដោយសារ​សកម្មភាព​របស់​ប្រទេស​នេះ​ក្នុង​ប្រទេសអ៊ុយក្រែន។

អ.ស.ប​បាន​សុំ​ដល់​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​នៃ​ប្រទេស​អ៊ុយក្រែន​គោរព​ឲ្យពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា​ដែល​បាន​ត្រូវ​សម្រេច​កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំនេះ។​

អ.ស.ប.​បាន​ចេញ​ផ្សាយ​ការអំពាវនាវ​នេះ​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​ការពារ​ជាតិស.រ.អា​ជាន់ខ្ពស់ និង​ក្រុម​អ្នកការទូត​ជាន់ខ្ពស់​បានប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯ​ទី​បញ្ជាការ​ធំ​ស.រ.អា​ក្នុង​ទ្វីបអឺរ៉ុប​នៅ​ក្នុង​ក្រុង ​Stuttgart​ ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិនិត្យ​សើរើ​មើលជាថ្មី​អំពី​ប្រសិទ្ធភាពនៃ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ និង​ស.រ.អា​ប្រឆាំង​នឹង​ប្រទេស​រុស្សី​ និង​អំពី​យុទ្ធសាស្ត្រ​នៃ​អង្គការ​អូតង់​ក្នុង​ការ​ធ្វើ​ឲ្យថមថយ​សកម្មភាព​របស់​រុស្សីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

ដោយ​ឆ្លើយតប​នឹង​កំណើន​អំពើ​ហិង្សា​ សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ប្រធានាធិបតី​អូបាម៉ា​នឹង​សុំ​ដល់​ក្រុម​មេដឹកនាំនៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​សន្និសីទ​កំពូលនៃ​ក្រុម​ប្រទេស​ G-7​ ឲ្យ​រក្សា​ទុក​ការដាក់ទណ្ឌកម្ម

ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដោយសារ​«ការ​ឈ្លានពាន​របស់​រុស្សីនៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន»។