លោក​អូបាម៉ា​ប្រាប់​សភា​ជាតិ​អាមេរិក​ឲ្យ​ទុក​​ល្បែង​នយោបាយ​ដោយ​ឡែក​

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​ បាន​និយាយថា ​លោក​ចង់​ឲ្យ​សភា​ទុក​ល្បែង​នយោបាយ​ដោយ​ទ្បែក​ ហើយ​ផ្តោត​ការ​យក​ចិត្តទុកដាក់លើ​ការ​រក​វិធី​ដែល​ប្រជាជន​អាមេរិកាំង​គ្រប់​គ្នា​អាច​ចូល​រួម​ក្នុង​ការ​ងើបរើ​ទ្បើង​វិញ​ខាង​សេដ្ឋកិច្ច​។

​ប្រធានាធិបតី​ស.រ.អា.​លោកបារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​មាន​ប្រសាសន៍​ថា ​លោក​ចង់​ឲ្យ​សភា​ទុក​ល្បែង​នយោបាយ​ដោយ​ទ្បែក​ ហើយ​ផ្តោត​ការ​យក​ចិត្តទុកដាក់លើ​ការ​រក​វិធី​ដែល​ប្រជាជន​អាមេរិកាំង​គ្រប់​គ្នា​អាច​ចូល​រួម​ក្នុង​ការ​ងើបរើ​ទ្បើង​វិញ​ខាង​សេដ្ឋកិច្ច​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ប្រទះ​នៅពេល​នេះ។​

លោក​ប្រធានាធិបតី​បាន​បន្ត​ថា​ សារ​នេះ​ជា​ប្រធានបទ​នៃសុន្ទរកថា​របស់​លោក​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​ដែល​លោក​នឹង​ថ្លែង​ទៅ​កាន់​សភា​នៅ​ថ្ងៃ​អង្គារ។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោកនៅ​ថ្ងៃ​សៅរ៍​នេះ​ លោកអូបាម៉ាបាន​មាន​ប្រសាសន៍​ថា ​ឆ្នាំ២០១៤​ជា «ឆ្នាំ​ដែល​មាន​ការ​លូតលាស់​ខាង​ការងារលឿន​បំផុត​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៩០​មក»។ បន្ថែម​ពី​លើ​នេះ​ ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើក្នុង​ឆ្នាំ២០១៤ បាន​ចុះថយ​យ៉ាង​លឿន​ជាង​ពេល​ណា​ទាំងអស់ចាប់តាំងពី​ឆ្នាំ១៩៨៤​មក។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា «ការ​ងើបរើ​ទ្បើង​វិញ​នៃ​ប្រទេស​អាមេរិកជា​ការពិត» ហើយ​នៅ​ពេល​នេះ​ «ការងារ​របស់​យើង» គឺ​ធ្វើឲ្យ​ប្រាកដ​ប្រជា​ថា​ប្រជាជន​អាមេរិកាំង​គ្រប់​រូប​មាន​អារម្មណ៍​ថា​ពួក​គេជា «ផ្នែក​មួយ​នៃការ​វិល​ត្រទ្បប់មក​វិញ​នៃ​ប្រទេសយើង»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ជនជាតិ​អាមេរិកាំង​សាមញ្ញ​បី​នាក់​ដែលជាផ្នែក​នៃ​ការ​ងើបរើ​ទ្បើង​វិញ​របស់​ប្រទេស​ជាតិ​នឹង​ចូល​រួម​ជាមួយ​លោក​នៅ​ក្នុង​វិមាន​សភា​ Capitol នៅ​ថ្ងៃអង្គារ​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ដែល​ក្នុង​នោះ​រួម​មាន​ទាហាន​ជើង​ចាស់​ម្នាក់​ដែល​ពិការជើង​ទាំង​ពីរនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយកាលពី​ពេល​ថ្មីៗនេះ​ទាហាន​រូប​នោះ​បាន​ប្តូរ​លំនៅដ្ឋាន​ទៅ​កាន់​គេហដ្ឋាន​ថ្មី​មួយខ្នង​ជាមួយ​ភរិយា​លោកនិង​កូន​ស្រី​ដែល​ទើបកើត៕