លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាកំពុងធ្វើដំណើរនាថ្ងៃច័ន្ទនេះទៅរដ្ឋអាឡាស្កា ដើម្បីជួបជាមួយពលរដ្ឋ និងថ្លែងសុន្ទរកថានៅឯសន្និសីទដែលមានការចូលរួមពីមន្ត្រីសហរដ្ឋអាមេរិក មន្ត្រីបរទេស អ្នកវិទ្យាសាស្រ្ត និងពលរដ្ឋ ដែលមកជួបជុំគ្នាដើម្បីពិភាក្សាពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុមកលើតំបន់អាក់ទិក។
បើយោងតាមសេតវិមាន គោលដៅនៃសន្និសីទGLACIER គឺដើម្បីជំរុញឲ្យមានការយល់ដឹងពីផលប៉ះពាល់ នៃការឡើងកំដៅក្នុងតំបន់អាក់ទិកដោយសារវាប៉ះពាល់ដល់តំបន់ដទៃទៀតនៃពិភពលោក និងដើម្បីស្វែងរកវិធីដែលពលរដ្ឋអាចធ្វើបាន ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។
បញ្ហានេះ គឺជាចំណុចផ្តោតសំខាន់នៃសុន្ទរកថាប្រចាំសប្តាហ៍របស់លោកអូបាម៉ា ដោយលោកបានមានប្រសាសន៍ថា ពលរដ្ឋអាឡាស្កាកំពុងតែជួបប្រទះនឹងភ្លើងឆេះព្រៃច្រើនជាងមុន និងញឹកញាប់ជាងមុន ការធ្លាក់ចុះនៃផ្ទាំងទឹកកកដែលជាការហូរច្រោះឆ្នេរលឿនជាងគេបំផុតនៅលើពិភពលោកហើយមានព្យុះសមុទ្រដោយសារតែទឹកកកបានរលាយផងដែរ៕