ប្រធានាធិបតី​អូបាម៉ា​បន្ថយ​ល្បឿន​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន

នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១​នេះ យុទ្ធជន​របស់​តាលីបង់​កាន់​អាវុធ​ធុន​ធ្ងន់ និង​ស្រាល​មុន​ពេល​ប្រគល់​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ក្រុង Jalalabad ភាគ​ខាង​កើត​នៃ​ក្រុង​កាប៊ុល។

ក្រុម​តាលីបង់​បាន​សន្យា​ពង្រីក​ការ​វាយ​ប្រហារ​ទៅ​លើ​ទីដៅ​របស់​អាមេរិក ​ដោយ​បាន​ប្រកាស​ប្រឆាំង​ការ​សម្រេច​របស់​អាមេរិក​ដើម្បី​បន្ថយ​ល្បឿន​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​បះបោរ​ឥស្លាម​បាន​ប្រតិកម្ម​កាល​ពី​ថ្ងៃ​សុក្រ​ចំពោះ​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា​ ថា ​លោក​នឹង​រក្សា​ចំនួន​កងទ័ព​អាមេរិក​នៅ​ពេល​បច្ចុប្បន្ន​នេះចំនួន​៩.៨០០នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​រហូត​ដល់​ឆ្នាំ​២០១៦ មុន​នឹង​កាត់​បន្ថយ​ទៅ​ត្រឹម​៥.៥០០នាក់​ នៅពេល​ដែល​លោក​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង​នៅ​ខែមករា ​ឆ្នាំ២០១៧។ កាលពី​ដំបូង រដ្ឋបាល​របស់​លោក​មាន​ផែនការ​រក្សា​ចំនួន​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រហែល​១.០០០នាក់​ក្រោយ​ឆ្នាំ​២០១៦ ​ដោយ​ផ្តោត​លើ​ការ​ការពារ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​កាប៊ុល។

លោក Zabihullah Mujahid អ្នក​នាំ​ពាក្យ​តាលីបង់​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ីម៉ែល​ផ្ញើ​មក​ឲ្យ VOA ថា ​ក្រុម​បះបោរ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា កងទ័ព​អាមេរិក​នឹង​មិន​បញ្ចប់​ការ​ឈ្លានពាន​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​ទេ ​ហើយ​ការ​សន្យា​ក្លែងក្លាយ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យពលរដ្ឋ​អាហ្វហ្គានីស្ថាន​ និង​ពលរដ្ឋ​អាមេរិកាំង​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​តាលីបង់​រូប​នេះ​និយាយ​ទៀត​ថា ​ការ​សម្រេច​របស់​ប្រធានាធិបតី​អូបាម៉ា ​នឹង​មិន​បញ្ឈប់​ក្រុម​តាលីបង់​មិន​ឲ្យ​ធ្វើ​សង្គ្រាម​សាសនា​ប្រឆាំង​នឹង​កងទ័ព​ឈ្លាន​ពាននៅ​ក្នុង​ប្រទេស​នោះ​ទេ៕