លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះនាម Salman បានច្រានចោលមិននិយាយអ្វី បន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេល២ម៉ោងបានបញ្ចប់កាលពីថ្ងៃពុធនៅឯព្រះបរមរាជវាំង Erga។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងមួយថ្ងៃ មុនពេលដែលកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការតាមឈូងសមុទ្រចាប់ផ្តើម។
បន្ទាប់មក សេតវិមានបានប្រកាសថា លោក អូបាម៉ា នឹងចូលគាល់ព្រះរាជបុត្រគ្រងរាជសម្បត្តិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមព្រះនាម Sheikh Mohammed bin Zayed Al Nahyan នៅយប់ថ្ងៃពុធម៉ោងក្នុងស្រុក។
កិច្ចប្រជុំនេះនឹងពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងសហប្រតិបត្តិការដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាម និងដោះស្រាយជម្លោះនៅក្នុងតំបន់ផងដែរ។ នេះបើយោងតាមសេតវិមាន។
សហរដ្ឋអាមេរិក និងដៃគូអារ៉ាប់របស់ខ្លួននឹងលើកយកបញ្ហាដែលកំពុងតែតានតឹងនៅក្នុងតំបន់មកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងចូលរួមដោយសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការតាមឈូងសមុទ្រទាំង៦ដែលរួមមាន អារ៉ាប៊ីសាអូឌីត គុយវេត អាមេរ៉ាតអារ៉ាប់រួម កាតា បារ៉ែន និងអូម៉ាន់ផងដែរ។
ក្រុមអ្នកវិភាគនិយាយថា ការកើនឡើងនូវភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យមានយុទ្ធសាស្រ្តនិងអាទិភាពខុសគ្នារវាងប្រទេសទាំង២ទៅលើការដោះស្រាយបញ្ហានៅក្នុងតំបន់៕