លោក​អូបាម៉ាកោត​​សរសើរ​​ការបោះជំហាន​ទៅ​មុខ​នៅ​ក្នុង​ទំនាក់ទំនងជាមួយ​នឹង​គុយបា

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី Michelle ពេលចូលរួម​នៅ​ក្នុង​ការទទួលទានអាហារពេលល្ងាច​ថ្នាក់ជាតិ​ ដែលត្រូវបានរៀប​ចំ​ដោយ​លោក​ប្រធានាធិបតី Raul Castro (ខាងឆ្វេង)។

លោកប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​បាន​អបអរសាទរដល់​ការ​ជឿនលឿន​នៅ​ក្នុង​ការទាក់ទង​រវាង​ស.រ.អា និង​ប្រទេស​គុយបា នៅ​ពេល​ដែលលោកបានទទួល​ស្គាល់ថា​ ភាគី​ទាំង​ពីរ​នៅ​មាន​ការខ្វែង​គំនិត​គ្នា«ធ្ងន់ធ្ងរណាស់» អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ បន្ទាប់​ពី​កិច្ចចរចា​ជាមួយ​លោក​ប្រធានាធិបតី​គុយបា Raul Castro អំពី​វិធី​ដើម្បី​ជំរុញទៅ​មុខ​ការ​ធ្វើ​ឲ្យទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រក្រតី​ឡើងវិញ​។

នៅ​ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ​ លោក Raul Castro បាន​ស្វាគមន៍​ដល់ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើពាណិជ្ជកម្មនិងការ​ធ្វើដំណើរ​ដែលបាន​ត្រូវ​ប្រកាស​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏​ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់​អំពី​សេចក្តី​ត្រូវ​ការ​ឲ្យ​មាន​សកម្មភាព​ដើម្បី​លុប​ចោល​ការ​រាំង​ខ្ទប់ខាង​ពាណិជ្ជកម្ម​ ដែលមាន​រយៈពេល៥៥ឆ្នាំ​មក​ហើយ​លើប្រទេស​កុម្មុយនិស្ត​មួយ​នេះ។លោក Raul Castro ក៏​បាន​អំពាវនាវ​ដល់ស.រ.អា​ឲ្យ​ប្រគល់​ទៅ​ឲ្យ​ប្រទេស​គុយបា​វិញ​នូវ​ដី​ដែល​បាន​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​កងទ័ព​ជើងទឹក​ស.រ.អា​នៅ​ឆកសមុទ្រ Guantanamo។

លោកអូបាម៉ា​និង​លោក Raul Castro បាន​ចាប់ដៃគ្នា​នៅ​មុន​លោក​ទាំងពីរ​ចាប់ផ្តើម​កិច្ចចរចាគ្នា​នៅ​ឯវិមាន​បដិវត្តន៍​ មួយ​ថ្ងៃ​ក្រោយពី​លោកអូបាម៉ា​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស.រ.អា​កំពុង​កាន់តំណែង​ទីមួយក្នុង​រយៈពេល​ជិត​៩០ឆ្នាំ​ដែល​បាន​អញ្ជើញទៅ​កាន់​ប្រទេសជាតិ​ជា​កោះ​នេះ។

កាល​ពី​ពេលមុន​នេះកាល​ពី​ថ្ងៃ​ច័ន្ទដែរ លោកអូបាម៉ា​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​មួយ​នៅ​ឯ​វិមាន​អនុស្សាវរីយ៍​វីរបុរស​ឯករាជ្យ​គុយបា Jose Marti ឯ​នៅ​ក្នុង​ទី​លាន​បដិវត្តន៍។

លោកអូបាម៉ា​បាន​សរសេរ​នៅ​ក្នុង​សៀវភៅភ្ញៀវ​មួយថាជា«​កិត្តិយស​ដ៏​ធំ​មួយ​ដែល​បាន​សម្តែង​ការ​គោរព​ដល់លោក Jose Marti ដែល​បាន​បូជា​ជីវិត​លោក​ដើម្បី​ឯករាជ្យ​នៃ​មាតុភូមិលោក។ ការ​ជាប់ចិត្ត​យ៉ាង​ខ្លាំង​របស់​លោក​ដល់​សេរីភាព​និងការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​មាន​ដិតជាប់ជា​និច្ច​នៅ​ក្នុង​ចំណោម​ប្រជាជន​គុយបា​នៅ​ពេល​សព្វថ្ងៃនេះ»។

កាលពី​ថ្ងៃ​អាទិត្យ នៅ​ទូទាំង​ក្រុង​ឡាហាវ៉ាន ប្រជាជន​គុយបា​បាន​ឈរ​តាម​ដង​ផ្លូវ​នៅ​ពេល​ក្បួន​រថយន្តលោកប្រធានាធិបតី​ស.រ.អា​បើកតាមទីនោះ បន្ទាប់​ពី​លោកបាន​ទៅ​ដល់ប្រទេស​គុយបា​ដោយ​ហ្វូង​មនុស្ស​បាន​គ្រវីដៃ​អបអរសាទរ បង្ហាញ​ការថើប​ដោយដៃ​ និង​បានស្រែក​បន្ទរ​ឈ្មោះ​លោក​អូបាម៉ា៕