កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ា (Barack Obama)និងនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារ៉េនត្រា មូឌី (Narendra Modi) បានបំបែកភាពទាល់ច្រកដែលមានជាយូរយារមកហើយអំពីសន្ធិសញ្ញាបរមាណូ ដោយលោកទាំងពីរបានកត់សម្គាល់ថា«មិត្តភាព» របស់អស់លោកជាកត្តាបន្ថែមសម្រាប់ឲ្យមានចំណងទាក់ទងគ្នាខាងការទូតជិតស្និទ្ធជាងមុន។
តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោកបានអញ្ជើញទៅដល់ប្រទេសឥណ្ឌា មេដឹកនាំស.រ.អា.រូបនោះបានមានប្រសាសន៍ថាលោកនិងលោក Modi បាន"យល់ស្របគ្នាក្នុងការពង្រឹង"កិច្ចសហប្រតិបត្តិការខាងការពារប្រទេសនិងខាងសន្តិសុខរវាងប្រទេសទាំងពីរ។
លោក Modi បានមានប្រសាសន៍ថាការទាក់ទងគ្នារវាងស.រ.អា.និងប្រទេសឥណ្ឌា «ឋិតនៅកម្រិតថ្មីមួយ»។
លោកអូបាម៉ាកំពុងបំពេញទស្សនកិច្ចបីថ្ងៃនៅក្នុងប្រទេសឥណ្ឌាដែលនៅក្នុងឱកាសនោះលោកនឹងក្លាយទៅជាមេដឹកនាំអាមេរិកាំងទីមួយដែលចូលរួមក្នុងពិធីប្រារព្ធទិវាសាធារណរដ្ឋរបស់ប្រទេសឥណ្ឌា។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi បានបង្ហាញអំពីសារៈសំខាន់នៃទស្សនកិច្ចនេះដោយលោកមិនបានធ្វើតាមពិធីការទេ និងបានអញ្ជើញទៅទទួលលោកអូបាម៉ាដោយផ្ទាល់នៅឯចំណតយន្តហោះហើយបានឱបលោកប្រធានាធិបតីផងដែរ៕