លោក​អូបាម៉ា​ពន្យល់​ពី​មូលហេតុ​ដែល​លោកស្រី​ Clinton សាកសម​ធ្វើជា​ប្រធានាធិបតី

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោកស្រី Hillary Clinton ស្ថិត​នៅ​ក្នុង​សន្និបាត​ជាតិ​របស់​បក្ស​នៅ​ថ្ងៃទី៣ នៅ​ក្នុង​ក្រុងPhiladelphia កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

សារ​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ឡើង​នៅ​ឯ​សន្និបាត​គណបក្ស​របស់​ខ្លួន​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Philadelphia កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិលមិញ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោកស្រី Hillary Clinton ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​ធ្វើជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នា​អាណត្តិ​ក្រោយ​នេះ ហើយ​លោក Donald Trump គឺ​មិន​សាកសម​ធ្វើ​ជា​ប្រធានាធិបតី​ទេ។

នៅ​ឯ​សន្និបាត​នោះ ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ទៅកាន់​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ពីរ​ចំនុច​ធំៗ។ ទីមួយ លោក​ថ្លែង​ពី​សមិទ្ធផល​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​របស់​លោក និង​ទី​ពីរ លោក​លើកឡើង​ពី​លោកស្រី Clinton ថា​ជា​បេក្ខជន​ប្រធានាធិបតី ដែល​ជឿជាក់​ថា សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ដែល​ពលរដ្ឋ​ទាំងអស់ មិន​ប្រកាន់​ជាតិសាសន៍ ឬ​ពណ៌សម្បុរ​ណា​នោះ​ទេ រួបរួម​គ្នា។

លោក​បាន​បញ្ជាក់​ថា គ្មាន​បុរស​រូប​ណា ឬ​ស្ត្រី​រូប​ណា សាកសម​ធ្វើ​ជា​ប្រធានាធិបតី​ជាង​លោកស្រី Clinton នោះទេ ដែល​លោកស្រី​ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ការបរទេស​ក្នុងអណត្តិ​ទី​មួយ​របស់​លោក​ជា​ប្រធានាធិបតី។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ឆ្នាំ​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​អណត្តិ​នេះ ខ្ញុំ​សំណូមពរ​អ្នក​ទាំងអស់​គ្នា​ឲ្យ​ចូលរួម​ជាមួយ​ខ្ញុំ និង​បដិសេធ​ចោល​នូវ​ការ​ចំអក​ឡកឡឺយ ការ​ភ័យខ្លាច និង​ផ្តោត​លើ​ចំនុច​ល្អ​របស់​យើង ដោយ​ត្រូវ​ជ្រើសរើស​លោកស្រី Hillary Clinton ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​បង្ហាញ​ឲ្យ​ពិភពលោក​ទាំង​មូល​បាន​ឃើញ​ថា យើង​នៅ​តែ​ជឿជាក់​លើ​ភាព​អស្ចារ្យ​របស់​សហរដ្ឋ​អាមេរិក‍»។

លោក​បាន​បន្ថែម​ទៀត​ថា គ្មាន​អ្វី​អាច​រៀបចំ​មនុស្ស​ម្នាក់​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​នោះ​ទេ ប៉ុន្តែ​បទ​ពិសោធន៍​ដែល​លោកស្រី Clinton មាន​គឺ​ផ្ទុយពី​បទពិសោធន៍​ដែល​លោក Trump មាន ដោយ​លោក Trump មិន​ដែល​ធ្លាប់​កាន់​មុខ​តំណែង​ណាមួយ​នៅក្នុង​កិច្ចការ​រដ្ឋ​នោះទេ។

លោក​អូបាម៉ា​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​មិន​ដឹង​ថា ការ​គ្រប់គ្រង​វិបត្តិ​ពិភពលោក​មាន​ការ​លំបាក​ប៉ុណ្ណា​នោះទេ ដរាប​ណា​អ្នក​ធ្វើ​កិច្ចការ​នោះ​ផ្ទាល់។ លោកស្រី Clinton ធ្លាប់​ប្រឡូក​នៅក្នុង​កិច្ចការ​ទាំងអស់​ហ្នឹង និង​ថែមទាំង​ប្រឡូក​នៅក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៀត​ផង។ លោកស្រី​ដឹង​ថា វា​ប្រថុយ​គ្រោះថ្នាក់​ប៉ុណ្ណា​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ដែល​រដ្ឋាភិបាល​បាន​ធ្វើ​កន្លង​មក​នោះ‍»៕