របាយការណ៍មួយរបស់កាសែត The Wall Street Journal បានឲ្យដឹងថាមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ និងលោកប្រធានាធិបតីស.រ.អា.បានផ្ញើសំបុត្រឆ្លងឆ្លើយគ្នានៅពេលដែលភាគីទាំងពីរខិតខំព្យាយាមធ្វើឲ្យសម្រេចកិច្ចព្រមព្រៀងបរមាណូមួយ។
នៅក្នុងរឿងមួយចេញផ្សាយតាមបណ្តាញអ៊ីនធឺណែតកាលពីថ្ងៃសុក្រ កាសែតThe Wall Street Journal បាននិយាយថា Ayatollah Ali Khamenei «បានឆ្លើយតបនឹងការផ្តើមការទាក់ទងគ្នា» ពីលោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ា។
របាយការណ៍នេះនិយាយថា លោក Khamenei បានសរសេរលិខិតទៅមេដឹកនាំអាមេរិកាំងរូបនេះ«កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ» ជាការឆ្លើយតបនឹងលិខិតមួយច្បាប់ពីលោកអូបាម៉ាកាលពីខែតុលា «ដែលបានលើកទ្បើងអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស.រ.អា.និងប្រទេសអ៊ីរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម» ប្រសិនបើមានការសម្រេចកិច្ចព្រមព្រៀងគ្នាមួយអំពីបរមាណូ។
អ្នកការទូតអ៊ីរ៉ង់ម្នាក់ ដែលគេមិនបានប្រាប់អត្តសញ្ញាណបាននិយាយប្រាប់សារព័ត៌មាន The Wall Street Journal ថាការឆ្លើយតបរបស់មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់គឺមាន «ប្រកបដោយសេចក្តីគោរព» ក៏ប៉ុន្តែគ្មានការសន្យាអ្វីទេ។
កាសែត The Wall Street Journal បានឲ្យដឹងទៀតថា ដំណឹងអំពីលិខិតមួយមុននេះរបស់លោក Khamenei ផ្ញើជូនលោកអូបាម៉ាក៏បានលេចទ្បើងផងដែរ។សារព័ត៌មាននោះបាននិយាយថា លិខិតមួយច្បាប់មុននោះ «បានគូសបញ្ជាក់អំពីការរំលោភមួយចំនួន» ដែលមេដឹកនាំកំពូលអ៊ីរ៉ង់មានអារម្មណ៍ថាបានត្រូវប្រព្រឹត្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់កាលពី៦០ឆ្នាំកន្លងទៅនេះ។មន្ត្រីសេតវិមានអនាមិកម្នាក់បានបញ្ជាក់ដោយប្រាកដជាថា មានលិខិតមួយច្បាប់កាលពីឆ្នាំ២០០៩ពីមេដឹកនាំអ៊ីរ៉ង់រូបនេះមែន។
កាសែត The Wall Street Journalនិយាយថាទាំងសេតវិមាន ទាំងរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់មិនបានបញ្ជាក់ជាផ្លូវការថាមានការឆ្លើយឆ្លងគ្នាតាមសំបុត្ររវាងមេដឹកនាំទាំងពីររូបនោះឬទេ៕