លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបាននិយាយថា កិច្ចព្រមព្រៀងក្នុងសប្តាហ៍កន្លងទៅនេះ ដើម្បីបញ្ឈប់ប្រទេសអ៊ីរ៉ង់ក្នុងការបង្កើតអាវុធបរមាណូគឺ មានលទ្ធផល «ល្អជាងអ្វីដែលគេធ្លាប់ទទួលបានក្នុងពេលកន្លងមក»។
នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកកាលពីថ្ងៃសៅរ៍ លោកអូបាម៉ាបាននិយាយថាប្រទេសអ៊ីរ៉ង់មិនអាចបន្លំលើកិច្ចព្រមព្រៀងនោះបានទេ ដោយសារតែដំណើរការផ្ទៀងផ្ទាត់ត្រូវបានគេបង្កើតឡើង «យ៉ាងទូលំទូលាយ»និង «អាចចូលឆែកឆេរមើលបាន»។ លោកមានប្រសាសន៍ទៀតថាប្រសិនបើប្រទេសអ៊ីរ៉ង់ងាកបែរចេញពីកិច្ចព្រមព្រៀងនោះគឺ ទណ្ឌកម្មសេដ្ឋកិច្ចដែលបានរឹតត្បិតសេដ្ឋកិច្ចអ៊ីរ៉ង់ជាយូរមកហើយនោះនឹងត្រូវដាក់ចូលមកវិញ។ កិច្ចព្រមព្រៀងនោះក៏តម្រូវឲ្យប្រទេសអ៊ីរ៉ង់ដឹកសម្ភារៈសម្រាប់ផលិតជាតិបរមាណូ៩៨ភាគរយចេញពីប្រទេសនេះផងដែរ។
លោកបន្ថែមថា បើសិនជាគ្មានកិច្ចព្រមព្រៀងគ្នានេះទេ ពិភពលោកទាំងមូលអាចប្រថុយគ្រោះថ្នាក់នឹងការធ្វើសង្គ្រាមមួយទៀតនៅក្នុងតំបន់មួយ ដែលងាយផ្លាស់ប្តូរនៅក្នុងពិភពលោក។
នៅថ្ងៃសៅរ៍នេះដែរ មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ Ayatollah Khamenei ក៏បានធ្វើអត្ថាធិប្បាយផ្ទាល់ខ្លួនដែរលើកិច្ចព្រមព្រៀងនេះ។ លោកបានប្រាប់ដល់ក្រុមពលរដ្ឋអ៊ីរ៉ង់ ដែលមកសូត្រធម៌នៅឯពិធី Eid al-Fitr ក្នុងទីក្រុងតេអេរ៉ង់ថា កិច្ចព្រមព្រៀងបរមាណូជាមួយនឹងសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តនេះមិនមែនមានន័យថា ជាសញ្ញានៃកិច្ចសហប្រតិបត្តិការលើបញ្ហាដទៃទៀតទេ។
លោកខាមេនី បានថ្លែងសារនេះតាមទូរទស្សន៍ផ្សាយផ្ទាល់ទៅកាន់ពលរដ្ឋអ៊ីរ៉ង់ក្នុងពេលដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធការបញ្ចប់ខែកាន់បួសរ៉ាម៉ាដាន់៕