លោក​អូបាម៉ា​៖ ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ជា​កិច្ច​ព្រមព្រៀង​ល្អ​បំផុត

ប្រធានាធិបតិ​ បារ៉ាក់ អូបាម៉ា ថ្លែង​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែ​ជាមួយ​អ៊ីរ៉ង់​ នៅ​សាកលវិទ្យាល័យ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា American Unviersity ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ ការពារ​យ៉ាង​ខ្លាំងក្លា​នូ​វកិច្ច​ព្រមព្រៀង​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយ​លោក​បញ្ជាក់​ថា‍កិច្ច​ព្រមព្រៀង​នេះ​«កាត់​ផ្តាច់​មធ្យោបាយ​ទាំងអស់​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​ទទួល​បាន​គ្រាប់​បែក​បរិមាណូ‍»។​

លោក​អូបាម៉ា​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ពុធ​នៅ​ឯ​សាកលវិទ្យាល័យ​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «កិច្ច​ព្រមព្រៀង​នេះ​ល្អ​ខ្លាំង​ណាស់​ហើយ‍»។​

លោក​មាន​ប្រសាសន៍​ថា​ ប្រសិនបើ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​អនុវត្ត ​«វា​នឹង​ល្អ​សម្រាប់​ប្រទេស​អ៊ីរ៉ង់។ វា​នឹង​ល្អ​សម្រាប់​សហរដ្ឋ​អាមេរិក។ វា​ក៏​នឹង​ល្អ​សម្រាប់​តំបន់​ផងដែរ ដោយសារ​តែ​តំបន់​នេះ​ជួប​ប្រទះ​ជម្លោះ​ជាច្រើន​មក​ហើយ។ វា​នឹង​ល្អ​សម្រាប់​ពិភពលោក​ទាំងមូល‍»។​

លោក​ប្រធានាធិបតី​បាន​ទទូច​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ទូរស័ព្ទ​ទៅ​ក្រុម​អ្នក​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដែល​នៅ​តែ​មាន​ទុទិដ្ឋិនិយម​ដោយ​ជំរុញ​ឱ្យ​ពួកគេ​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ​ក្នុង​ពេល​បោះឆ្នោត​នៅ​ខែ​ក្រោយ។​

កិច្ច​ព្រមព្រៀង​នោះ​នឹង​ហាមឃាត់​រដ្ឋបាល​ទីក្រុង​តេអេរ៉ង់ (Tehran) ​មិន​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អង្គការ​សហប្រជាជាតិ​ និង​បស្ចិម​ប្រទេស​ដែល​បាន​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​អ៊ីរ៉ង់។ ក្រុមអ្នក​ប្រឆាំង​និយាយ​ថា ​មាត្រា​ដែល​សម្រាប់​ផ្ទៀងផ្ទាត់​ថា​ប្រទេស​អ៊ីរ៉ង់​ពិតជា​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ​មាន​លក្ខណៈ​ទន់​ខ្សោយ។

លោក​អូបាម៉ា​បាន​វាយបក​ទៅ​វិញ​ចំពោះ​ការ​រិះគន់​នោះ ដោយ​បញ្ជាក់​ថា​នោះ​គឺ​ជា​កិច្ច​ព្រមព្រៀង​មិន​រីកសាយ​អាវុធ​ដែល​ល្អ​ជាងគេ​បំផុត​ហើយ​ដោយគ្មាន​អ្នក​ណា​ដែល​ចរចា​បាន​ដល់​កម្រិត​នេះ​ទេ‍»៕