លោក​​អូបាម៉ា​​ធ្វើ​​កិច្ច​ប្រជុំ​​កំពូល​​បណ្តា​​ប្រទេស​​ឈូង​​សមុទ្រ​​ពែកស៍​​ដោយ​​ផ្តោត​​ទៅ​​លើ​​អ៊ីរ៉ង់​និង​ជម្លោះ​​ក្នុង​​តំបន់

លោក​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា​បាន​រង់​ចាំ​ស្វាគមន៍ មេដឹក​នាំ​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែកស៍​ ​ដែល​ពួកគេ​បាន​​មក​ដល់​​​​សេតវិមាន ​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ ទី​១៣ ខែ​ឧសភា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា​ ​បារ៉ាក់​ អូបាម៉ា​ និង​មន្រ្តី​ជាន់​ខ្ពស់​ពី​ប្រទេស​ ៦​ ក្នុង​ឈូង​សមុទ្រ​ ពែកស៍​ កំពុង​បន្ត​ធ្វើ​សន្និសីទ​កំពូលនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អំពី​បញ្ហា​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា រួម​មាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរមួយ​ដែល​អាច​សម្រេច​ឡើង​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ និង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅក្នុងប្រទេស​ អ៊ីរ៉ាក់​ ស៊ីរី​ យេម៉ែន និង​លីប៊ី។​

កិច្ច​ចរចា​ជា​មួយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែកស៍ បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ពិធី​លាង​សាយភោជន៍មួយ​ដើម្បី​ធ្វើការ​កាល​ពី​យប់​ថ្ងៃ​ពុធ​នៅ​ឯ​សេតវិមាន​ មុន​នឹងប្តូរនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ​ដំណាក់​ប្រធានាធិបតី​នៅ​ Camp David​ នៅ​ចម្ងាយ​ប្រហែល​ ១០០​ គីឡូម៉ែត្រ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក​អូបាម៉ា​ថ្លែង​ថា​ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ធ្វើ​នៅ​ពេល​ដែល​លោកពោលថា​ជា​ «ពេល​ដែល​មាន​បញ្ហា​លំបាក​ច្រើន»​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែកស៍។​

លោក​ Ben Rhodes​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​លោក​ អូបាម៉ា​ ថ្លែងប្រាប់​ទី​ភ្នាក់ងារ​ Alhurra​ កាល​ពី​ថ្ងៃ​ពុធ​ថា​ គោល​ដៅ​មួយ​នៃ​សន្និសីទ​នេះ​ ​គឺ​ពិនិត្យ​មើល​សមត្ថភាព​យោធា​ និង​មធ្យោបាយសម្រាប់​ឲ្យ​ប្រទេស​ក្នុង​ឈូង​សមុទ្រ​ធ្វើ​ការ​ជា​មួយ​គ្នា​ និង​ជា​មួយ​ស.រ.អា​ដែរ។​

ប្រទេស​ក្នុង​ឈូង​សមុទ្រ​ពែកស៍​ បាន​សម្តែង​ការ​ព្រួយបារម្ភចំពោះ​កិច្ច​ចរចា​នុយក្លេអ៊ែរដែល​កំពុង​ធ្វើ​ជា​មួយ​ប្រទេសអ៊ីរ៉ង់​ ដែល​ជា​គូ​ប្រជែង​ក្នុង​ឈូងសមុទ្រ​នេះ​ ហើយ​ចង់​ពង្រឹង​ទំនាក់​ទំនង​សន្តិសុខ​របស់​ខ្លួន​ជា​មួយ​ស.រ.អា៕