លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា (Barack Obama) បាននិយាយកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនៅក្នុងការពិសាអាហារពេលល្ងាចប្រចាំឆ្នាំ ដែលរៀបចំឡើងដោយមូលនិធិនៃក្រុមសមាជិកសភាអាមេរិកាំងស្បែកខ្មៅនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ប្រសិនបើអ្នកចង់បង្ហាញពីទឹកចិត្តរបស់អ្នកសម្រាប់ការបញ្ចប់អាណត្តិរបស់ខ្ញុំជាប្រធានាធិបតី សូមអញ្ជើញទៅបោះឆ្នោត»។ លោក Obama លើកឡើងដូច្នេះ គឺក្នុងគោលបំណងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចេញទៅបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅខែវិច្ឆិកាខាងមុខនេះ។
លោកបញ្ជាក់បន្ថែមទៀតអំពីជម្រើសរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខ ដែលមានបេក្ខជនពីររូបសំខាន់ៗប្រកួតប្រជែងគ្នាធ្វើជាប្រធានាធិបតី គឺលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ថា៖ «ក្ដីសង្ឃឹមគឺនៅលើសន្លឹកឆ្នោត ហើយការភ័យខ្លាចក៏ស្ថិតនៅលើសន្លឹងឆ្នោតដែរ»។
លោក Obama បន្ថែមទៀតថា មានមនុស្សមួយចំនួន «នៅតែព្យាយាមបដិសេធសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។ នាពេលបច្ចុប្បន្ននេះ នៅក្នុងរដ្ឋជាច្រើន ពួកសាធារណរដ្ឋកំពុងព្យាយាមយ៉ាងសកម្ម និងបើកចំហនៅក្នុងការរារាំងប្រជាពលរដ្ឋមិនឲ្យបោះឆ្នោត។ នេះជារឿងអាស្រូវរបស់ជាតិ។ សហរដ្ឋអាមេរិកជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យជឿនលឿនតែមួយគត់នៅក្នុងពិភពលោក ដែលកំពុងបង្អាក់ទឹកចិត្តប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ នេះជារឿងដ៏គួរឲ្យអៀនខ្មាសមួយ»។
លោកប្រធានាធិបតី Obama ធ្វើការកត់សម្គាល់ថា រវាងឆ្នាំ ២០០០ និងឆ្នាំ ២០១២ មានករណីបន្លំឈ្មោះបុគ្គលបោះឆ្នោតតែ ១០ ករណីប៉ុណ្ណោះនៅទូទាំងសហរដ្ឋអាមេរិក។
លោកបន្ថែមថា លោកប្រាកដជាស្ដីបន្ទោសខ្លួនឯង ប្រសិនបើសហគមន៍ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមិនបានចេញទៅបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ៕