ក្នុងខណៈពេលដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បញ្ចប់ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់តំបន់អាស៊ីក្នុងនាមលោកជាប្រធានាធិបតីនោះ លោកបានបង្ហាញឲ្យឃើញពីចំណងមិត្តភាពរបស់លោកជាមួយនឹងតំបន់នេះ ដែលលោកបានចាត់ទុកថាជាតំបន់ដ៏សំខាន់មួយសម្រាប់គោលនយោបាយការបរទេសរបស់លោក។
នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយមួយមុននឹងលោកចាកចេញពីប្រទេសឡាវ លោកបានថ្លែងថា លោកមានមោទនភាពដែលលោកគឺជាប្រធានាធិបតីដំបូងរបស់សហរដ្ឋអាមេរិកដែលបានជួបជាមួយនឹងមេដឹកនាំទាំង១០របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ាននោះ ហើយលោកបានថ្លែងទៀតថា បន្ទាប់ពីលោកចប់អាណត្តិរបស់លោកនៅខែមករា លោកសង្ឃឹមថា អ្នកដែលបន្តតំណែងពីលោកនឹងបន្តចាត់ទុកតំបន់នេះជាតំបន់អាទិភាពមួយ។
លោកបានថ្លែងថា៖ «ក្តីសង្ឃឹមនិងការរំពឹងទុករបស់ខ្ញុំគឺថា អ្នកដែលបន្តតំណែងពីខ្ញុំនឹងបន្តចូលរួមក្នុងតំបន់នេះ ពីព្រោះថា មានរឿងជាច្រើនដែលកំពុងកើតឡើងនៅទីនេះ។ អាស៊ានមានប្រទេសដែលរីកលូតលាស់ខ្លាំង។ អាស៊ានមានប្រជាពលរដ្ឋដែលមានសក្តានុពលខ្លាំងក្លានិងក្មេងបំផុតនៅលើពិភពលោក។ តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់ដែលសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម ហើយក៏ជាកន្លែងដែលអាចបង្កើតការងារនៅសហរដ្ឋអាមេរិកបាន ដោយអាមេរិកអាចលក់ផលិតផលនៅក្នុងទីផ្សារនេះបាន»។
ដំណើរទស្សនកិច្ចចុងក្រោយបង្អស់ទៅកាន់តំបន់អាស៊ីរបស់លោកអូបាម៉ាបញ្ចប់ទៅដោយភាពវិជ្ជមាន ក្រោយមានភាពរកាំរកូកនៅគ្រាចាប់ផ្តើម៕