លោក​អូបាម៉ា​៖ កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ជា​ «ឱកាស​ប្រសើរ​បំផុត​មួយ» ដើម្បី​ជួយ​ពិភពលោក

ប្រធានាធិបតី​អាមេរិក​លោក​អូបាម៉ា​និយាយ​អំពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ពី​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​ទី១២​ ខែ​ធ្នូ ឆ្នាំ​២០១៥។

ប្រធានា​ធិបតី​ស.រ.អា​លោក ​បារ៉ាក់ អូបាម៉ា បាន​សរសើរ​កិច្ច​ព្រម​ព្រៀង​បម្រែបម្រួល​អាកាស​ធាតុ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ថា ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​សម្រាប់​ពិភពលោក។

លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «​កិច្ច​ព្រម​ព្រៀង​នេះ​ តំណាង​ឲ្យ​ឱកាស​ដ៏​ល្អ​បំផុត​ដែល​យើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ផែនដី​មួយ​ដែល​យើង​មាន​‍»។

នៅ​ក្នុង​សុន្ទរកថា​ ដែល​មាន​រយៈ​ពេល​៨​នាទី​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​អនុម័ត​នោះ​ មាន​ប្រ​ទេស​ជិត​២០០ ​បាន​បង្ហាញ​ពិភពលោក ​ទាំង​ឆន្ទៈ​ និង​សមត្ថភាព​ដើម្បីចាត់​វិធាន​ការ​តទល់​នឹង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ដោយ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កខ្វក់​ និង​ការ​តាំង​ចិត្ត​បញ្ចុះ​ឧស្ម័ន​កាបូន​នៅពេល​អនាគត។

លោក​ប្រធានា​ធិបតី​ អូបាម៉ា ​បាន​មាន​ប្រសាសន៍កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​បន្ទប់​គណៈ​រដ្ឋ​មន្រ្តី​ក្នុង​សេតវិមាន​ថា «​យើង​បានរួប​រួម​គ្នា​នៅ​ជុំ​វិញ​កិច្ច​ព្រម​ព្រៀង​ដ៏​ខ្លាំង​មួយដែល​ពិភពលោក​ត្រូវ​ការ។​យើង​បាន​សម្រេច​គោល​ដៅ​នៅ​ពេល​នេះ‍»។

កិច្ចព្រម​ព្រៀង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ​បាន​កំណត់​គោល​ដៅ​រក្សា​កំដៅ​សាកល​លោក​ឲ្យ​ស្ថិត​នៅ​ក្រោម​សីតុណ្ហភាព​ពីរ​អង្សាសេ ហើយ​បាន​អំពាវនាវ​ដល់​ប្រទេស​ចំនួន​ ១៩៥​ ឲ្យ​អនុវត្ត​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​កម្រិត​ការ​កើន​ឡើង​នូវ​សីតុណ្ហភាព​១,៥ ​អង្សាសេ​នៅ​កម្រិតមុន​បដិវត្តន៍​ឧស្សា​ហកម្ម។

នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នោះ ​ប្រទេស​ទាំង​អស់​នឹង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នានូវ​ទីដៅ​អាកាស​ធាតុ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ម្តង ​ដោយ​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២០។ ​កិច្ច​ព្រម​ព្រៀង​នោះ​បង្កើត​ប្រព័ន្ធ​តម្លា​ភាព​មួយ​ ដែល​ប្រទេស​ទាំងអស់​នឹង​មិន​ត្រឹម​តែប្រាប់​ឲ្យ​ដឹង​ពីការ​បញ្ចេញ​ឧស្ម័ន​កាបូន​ប៉ុណ្ណោះទេ ​ក៏ប៉ុន្តែ​ប្រភព​នៃ​ការ​បញ្ចេញឧស្ម័ន​ទាំង​នោះ​ និងពី​អ្វី​ដែល​ប្រទេស​ទាំងអស់​នោះ​ត្រូវ​ធ្វើ​ដើម្បី​បន្ធូរ​ការ​បញ្ចេញ​ឧស្ម័​ន​ផ្ទះ​កញ្ចក់៕