ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលជិតផុតអាណត្តិនោះ បានលាសម្ព័ន្ធមិត្តអឺរ៉ុប នៅក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយធានាជាថ្មីម្តងទៀតពីការបន្តគាំទ្ររបស់អាមេរិក និងអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបន្តការការពារប្រឆាំងនឹងរុស្ស៊ី។
មេដឹកនាំអាមេរិករូបនេះបានចាកចេញពីទីក្រុង ប៊ែកឡាំង កាលពីថ្ងៃសុក្រ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងតំបន់នោះ ដែលបានចាប់ផ្តើមដោយធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រិក ប្រទេសដែលលទ្ធិប្រជាធិបតេយ្យបែបបស្ចិមប្រទេសកើតឡើងដំបូងនោះ ដែលលោកបានឆ្លុះបញ្ចាំងទៅលើសារៈសំខាន់នៃការវាយប្រយុទ្ធដើម្បីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ហើយលោកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសដែលមានសេដ្ឋកិច្ចកំពូលនៅក្នុងទ្វីបអឺរ៉ុប ដែលលោកស្រីអធិកាបតី Angela Merkel ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងទ្វីបអឺរ៉ុប។
ចំណុចសំខាន់បំផុតនៅក្នុងរបៀបវារៈរបស់លោក អូបាម៉ា គឺការធានាជាថ្មីម្តងទៀត
ដល់សម្ព័ន្ធមិត្តអឺរ៉ុប អំពីអនាគតនៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក នៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងធ្វើជាប្រធានាធិបតី ដែលយុទ្ធនាការរបស់លោកបានលើកឡើងពីភាពមិនប្រាកដប្រជា ជាពិសេសអំពីការប្តេជ្ញាចិត្តរបស់អាមេរិកនៅក្នុងអង្គការ អូតង់ សហភាពអឺរ៉ុប និងស្ថាប័នពហុភាគីដទៃទៀត។
មុននឹងចាកចេញពីទីក្រុង ប៊ែកឡាំង លោកប្រធានាធិបតី អូបាម៉ា បានជួបជាមួយនឹងប្រធានាធិបតីអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ហើយលោកបានបញ្ជាក់ម្តងហើយម្តងទៀតអំពីការធានាគាំទ្ររបស់អាមេរិកជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុប។ សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានឲ្យដឹងថា លោក អូបាម៉ា បានបង្ហាញជំនឿរបស់លោកថា បើទោះបីស្ថិតក្នុងស្ថានការណ៍ដែលមានការផ្លាស់ប្តូរខ្លាំងក៏ដោយ តម្លៃនៃលទ្ធិប្រជាធិបតេយ្យបានជួយច្រើនដល់សេរីភាពរបស់មនុស្ស និងមានការរីកចម្រើនទៅមុខជាងប្រព័ន្ធផ្សេងៗនៅក្នុងប្រវត្តិសាស្ត្រ ហើយនឹងបន្តរីកចម្រើនទៅមុខតទៅទៀត។
លោកបានថ្លែងអំណរគុណដល់សមភាគីអឺរ៉ុបចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ហើយជំរុញឲ្យពួកគេសហការជាមួយនឹងរដ្ឋបាលរបស់លោក តាំ ដោយផ្អែកទៅតាមតម្លៃស្នូលដែលបង្ហាញថាអាមេរិក ហើយអឺរ៉ុបគឺជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យបើកចំហ៕