លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ចប់ភ្លាមៗអ្វីដែលហៅថាគោលនយោបាយដែលអនុញ្ញតឲ្យជនជាតិគុយបាណាដែលបានជាន់ទឹកដីសហរដ្ឋអាមេរិកដោយគ្មានទិដ្ឋាការ។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថាគោលនយោបាយដែលមានចំណាស់២០ឆ្នាំនោះបានត្រូវរចនាឡើងសម្រាប់សករាជផ្សេង។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា «ការចាត់វិធានការរបៀបនេះ យើងកំពុងធ្វើចំពោះជនចំណាកស្រុកដូចរបៀបដែលយើងធ្វើចំពោះជនចំណាកស្រុកមកពីប្រទេសផ្សេងទៀតដែរ។ យើងនឹងបន្តស្វាគមន៍ជនជាតិគុយបាដូចយើងស្វាគមន៍ជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងទៀតដែរដោយស្របទៅតាមច្បាប់»។
លោកប្រធានាធិបតីអូបាម៉ា បានហៅចំណាត់ការនេះថាជាវិធានការដ៏សំខាន់មួយនៅក្នុងការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញជាមួយគុយបា។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា គុយបាបានយល់ព្រមទទួលយកជនចំណាកស្រុកដែលមកដល់សហរដ្ឋអាមេរិកដោយគ្មានច្បាប់អនុញ្ញាតត្រឡប់ទៅវិញដែលជាវិធីដូចគ្នានឹងការទទួលយកជនចំណាកស្រុកដែលឆ្មាំការពារដែនសមុទ្រសហរដ្ឋអាមេរិកបានយកពួកគេនៅក្នុងសមុទ្រដែរ។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ទៀតថា ក្រសួងការពារសន្តិសុខមាតុភូមិក៏នឹងបញ្ចប់កម្មវិធីទទួលយកឯកទេសវេជ្ជសាស្រ្តគុយបាដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិត និងអ្នកជំនាញខាងវេជ្ជសាស្រ្តគុយបាធ្វើការនៅប្រទេសទី៣ចូលក្នុងសហរដ្ឋអាមេរិកដែរ៕