លោកប្រធានាធិបតីអាមេរិក Barack Obama បានគាំទ្រលោកស្រី Hillary Clinton ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសរបស់លោករូបនេះបានក្លាយទៅជាបេក្ខជនដែលគេសន្មត់ថា នឹងទទួលបានការតែងតាំងដើម្បីប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក។
«ខ្ញុំដឹងថាការងារនេះអាចលំបាកដល់កម្រិតណា ហេតុដូច្នេះហើយ ខ្ញុំប្រាកដថា លោកស្រី Hillary នឹងបំពេញការងារនេះបានល្អយ៉ាងខ្លាំង»។ នេះជាសម្តីរបស់លោក Obama ដែលបាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយលើគេហទំព័រយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton។
លោក Obama បានសម្តែងការគាំទ្រលោកស្រី Clinton បន្ទាប់ពីលោកបានជួបជាមួយនឹងគូប្រជែងរបស់លោកស្រីនៅក្នុងគណបក្សប្រជាធិបតេយ្យ គឺលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont។ លោក Sanders បានបង្ហាញសញ្ញា បន្ទាប់ពីកិច្ចប្រជុំនៅក្នុងសេតវិមានថា លោកនឹងបន្តប្រជែងដើម្បីទទួលបានការតែងតាំងពីគណបក្ស យ៉ាងហោចណាស់រហូតដល់ការបោះឆ្នោតបឋមនៅក្នុងរដ្ឋធានី Washington នៅសប្តាហ៍ក្រោយនេះ។
លោក Sanders ក៏បាននិយាយថា លោកនឹងជួបជាមួយនឹងលោកស្រី Clinton ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកបានសន្យាថា នឹងសហការដើម្បីយកឈ្នះលើលោក Donald Trump ដែលជាបេក្ខជនដែលគេសន្មត់ថា នឹងទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ៕