លោក Barack Obama គឺជាប្រធានាធិបតីអាមេរិកដែលកំពុងកាន់តំណែងដំបូងបង្អស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្តវេនពីលោក។ អត្រាឯកភាពរបស់លោកមានជាង៥០ភាគរយ។
មន្ត្រីរដ្ឋបាលបាននិយាយម្តងហើយម្តងទៀតថា លោកប្រធានាធិបតី Obama ប្រញាប់ប្រញាល់ចង់ជួយបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យយ៉ាងខ្លាំង និងជួយគាំទ្រដល់យុទ្ធនាការបោះឆ្នោត ដើម្បីគាំទ្រដល់បេក្ខជនប្រធានាធិបតីដែលគណបក្សរបស់លោកនឹងតែងតាំង។
លោក Obama បានថ្លែងប្រាប់អ្នកគាំទ្រក្នុងកម្មវិធីសប្បុរសមួយរបស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Florida ថា «យើងត្រូវតែប្រាកដថា យើងឈ្នះការបោះឆ្នោតនេះ»។
លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton ដែលបានអះអាងទទួលបានការតែងតាំងពីគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីជ័យជម្នះផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារ ត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ដែលអាចជំរុញការងាររបស់លោក Obama ឲ្យទៅមុខ ក្រោយពីអាណត្តិជាប្រធានាធិបតីរបស់លោកបញ្ចប់ និងជួយពង្រឹងកេរដំណែលរបស់លោកឲ្យកាន់តែរឹងមាំ។
លោកប្រធានាធិបតី Obama ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រឡូកទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីប្រជែងនឹងវោហារសាស្ត្រដ៏ចម្រូងចម្រាសរបស់លោក Donald Trump ដែលគេសន្មត់ថា ជាបេក្ខជនប្រធានាធិបតីដែលតែងតាំងដោយគណបក្សសាធារណរដ្ឋ។
មេដឹកនាំគណបក្សសាធារណរដ្ឋរបស់លោក Trump មួយចំនួនក៏បានរិះគន់ទៅលើសម្តីខ្លះៗរបស់លោក Trump ថា នាំឲ្យទាស់ទែងគ្នានិងប្រកាន់ពូជសាសន៍ ហើយលោកប្រធានាធិបតី Obama ក៏បាននិយាយថា គោលនយោបាយការបរទេសរបស់លោក Trump បានអង្រន់ដល់បណ្តាមេដឹកនាំពិភពលោក៕