ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton នឹង​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដោយ​ក្លាយ​ជា​​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​​


បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton (កណ្តាល) អបអរនៅក្នុងការជួបជុំមួយជាមួយលោកស្រីតំណាងប្រតិភូរដ្ឋកាលីហ្វ័រញ៉ា Karen Bass. (ឆ្វេង) និងលោកស្រី Maxine Waters កាលពីថ្ងៃច័ន្ទ ទី០៦ មិថុនា ២០១៦។
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton (កណ្តាល) អបអរនៅក្នុងការជួបជុំមួយជាមួយលោកស្រីតំណាងប្រតិភូរដ្ឋកាលីហ្វ័រញ៉ា Karen Bass. (ឆ្វេង) និងលោកស្រី Maxine Waters កាលពីថ្ងៃច័ន្ទ ទី០៦ មិថុនា ២០១៦។

លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកកំពុង​តែ​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ក្នុងនាម​ជា​ស្រ្តី​ដំបូង​បង្អស់​ដែល​គេ​រំពឹងថានឹង​ក្លាយ​ជាបេក្ខជន​ប្រធានាធិបតី​ដែល​តែងតាំង​ដោយ​គណបក្ស​នយោបាយមួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស។ ​

លោកស្រី​នឹង​មិន​ទទួល​បាន​នាម​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិតេយ្យ​នោះ​ទេ រហូត​ទាល់​តែ​មហាសន្និបាត​របស់​បក្សនៅ​ខែ​ក្រោយ​នេះ ប៉ុន្តែ​លោកស្រី​ក្តាប់​បាន​ប្រតិភូ​ច្រើន​បំផុត​ចំនួន​ ២.៣៨៣ ដែល​ត្រូវការ​ដើម្បី​យក​ឈ្នះ​លើ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont ​ហើយ។ ​

លោក John Hudak អនុប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការគ្រប់គ្រង​កិច្ចការ​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​វិទ្យាស្ថាន Brookings បាន​ថ្លែង​ប្រាប់ VOA ថា​ស្ថានភាព​ដ៏​សំខាន់នេះ​ប្រហែល​ជា​មិន​មាន​ពី​មុន​មក​នោះ​ទេ នេះ​ដោយសារ​តែ​លោកស្រី Clinton ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​រួច​ទៅ​ហើយ ដូច្នេះ​លោកស្រីទទួល​បាន​ការគាំទ្រ​ច្រើន​ពេលចូល​មក​ប្រជែង​។ ​

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «នៅ​ក្នុង​ប្រវតិ្តសាស្រ្ត​អាមេរិក​ដែល​ស្រ្តី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​អ្វី​ដែល​គួរ​តែ​បាន​កើត​ឡើង​តាំង​ពី​មុន។ ដោយ​និយាយ​យ៉ាង​ដូច្នេះ​ខ្ញុំ​គិត​ថា ខណៈ​ដែល​លោកស្រី​ចាប់​ផ្តើម​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្នាក់​ជាតិ​នោះ​លោកស្រី​នឹង​និយាយ​កាន់​តែ​ច្បាស់​និង​កាន់​តែ​ផ្តោត​សំខាន់​អំពី​បេក្ខភាព​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​របស់​លោកស្រី។»

លោកស្រី Clinton បាន​សម្តែង​ការប្រុងប្រយ័ត្ន​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ដោយ​បាន​និយាយ​ថា ខណៈ​ដែល​ការរាប់​ប្រតិភូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​ថា លោកស្រី​កំពុង​តែ​ឈាន​ទៅ​រក​ «ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ» នៅ​មាន​រដ្ឋ​ចំនួន​៦​ទៀត​ដែល​នឹង​ត្រូវ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​លោកស្រី​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​កា​រប្រជែង​នេះ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​សន្លឹកឆ្នោតគាំទ្រ​នីមួយៗ។ ​

ថ្ងៃ​អង្គារ​គឺ​ជា​ថ្ងៃ​បោះឆ្នោត​ធំ​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​បឋម​ដោយ​មាន​ប្រតិភូ​ជិត​៨៥១​ទៀត​នៅ​សល់។ លោក Robby Mook ដែល​ជា​ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Clinton បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​របស់​លោកស្រី​កំពុង​តែ​ទន្ទឹង​រង់ចាំ​ការក្តោប​យក​ចំនួន​ប្រតិភូ​ដ៏ច្រើននិង​សន្លឹកឆ្នោត​ដ៏​មាន​ប្រជាប្រិយ​បំផុត។ ​

លោក Michael Briggs អ្នកនាំពាក្យ​របស់​លោក Sanders បាន​ចេញ​លិខិត​មួយ​ច្បាប់​ដោយ​និយាយ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រញាប់ប្រញាល់​ផ្តល់​ជ័យជំនះ​ដល់​លោកស្រី Clinton ឆាប់​ពេក ហើយ​ថា លោកស្រី​អាច​អះអាង​ទទួល​បាន​ការគាំទ្រ​ច្រើន​បំផុត​បានប្រសិន​បើ​លោកស្រី​ទទួល​បាន​ប្រតិភូ​ពិសេសចំនួន​រាប់រយ​ដែល​គាំទ្រ​លោកស្រី ប៉ុន្តែ​ពួកគេ​អាច​ផ្លាស់ប្ដូរ​ចិត្ត​បាន​នៅ​មុន​ពេលមហាសន្និបាត​ចាប់​ផ្តើម​។ ​

លោក​មាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ចាប់​ពី​ឥឡូវ​នេះ​រហូត​ដល់​មហាសន្និបាត ការងារ​របស់​យើង​គឺ​ត្រូវ​បញ្ចុះបញ្ចូល​ប្រតិភូ​ពិសេស​ទាំង​នោះ​ថា​មក​ទល់​នឹង​ពេល​នេះ លោក Bernie គឺ​ជា​បេក្ខជន​ខ្លាំង​បំផុត​ដែល​អាច​ប្រជែង​នឹង​លោក Donald Trump បាន»៕

XS
SM
MD
LG