ជាកិត្តិយសដល់ខែនៃកេរ្តិ៍ដំណែលអន្តោប្រវេសន៍ដែលភាសាអង់គ្លេសហៅថាImmigrant Heritage Month លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាចង់ឲ្យប្រជាជនអាមេរិកាំងចែកចាយរឿងនៃឬសគល់អន្តោប្រវេសន៍របស់គ្រួសារពួកគេ។
នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកនៅថ្ងៃសៅរ៍នេះ លោកអូបាម៉ាបានសុំដល់ប្រជារាស្ត្រអាមេរិកាំងឲ្យចូលទៅក្នុងគេហទំព័រ whitehouse.gov/NewAmericans ដើម្បីនិយាយរឿងពួកគេ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា «យើងជាប្រទេសជាតិមួយនៃក្រុមជនអន្តោប្រវេសន៍។ វាជាប្រភពមួយនៃកម្លាំង ហើយជាអ្វីមួយដែលយើងមានមោទនភាព»។
លោកប្រធានាធិបតីក៏បានមានប្រសាសន៍ដែរថា «យើងមិនអាចគ្រាន់តែប្រារព្ធកេរ្តិ៍ដំណែលនេះទេ យើងត្រូវតែការពារកេរ្តិ៍ដណែលនេះដោយជួសជុលប្រព័ន្ធអន្តោប្រវេសន៍ដែលមានការបែកបាក់»។
លោកអូបាម៉ាបានមានប្រសាសន៍ថា ក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាបានធ្វើការណ៍នេះកាលពី ពីរឆ្នាំមុននេះ នៅពេលពួកគេបានអនុម័ត «សេចក្តីព្រាងច្បាប់សុភនិច្ឆ័យមួយ» ដែលមានរួមបញ្ចូលមាគ៌ាមួយឆ្ពោះទៅកាន់ការមានសញ្ជាតិអាមេរិកាំង។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតីបានមានប្រសាសន៍ថាក្រុមមេដឹកនាំសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំង «បានប្រកែកមិនព្រមអនុញ្ញាតឲ្យមានការបោះឆ្នោតអំពីសេចក្តីព្រាងច្បាប់នេះទេ»ក្នុងរយៈពេលជិតពីរឆ្នាំមកហើយ៕