លោក Obama និង​ Castro ចាប់​ដៃ​គ្នា​នៅ​កិច្ច​ប្រជុំ​កំពូល​អាមេរិក

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ និង​សមភាគី​គុយ​បា លោក​ Raul Castro ចាប់​ដៃ​គ្នា​ ខណៈ​លោក​ បាន​ គីមូន រដ្ឋលេខាធិការ​អង្គការ​សហប្រជាជាតិ​ឈរ​មើល​ ក្នុង​ពិធី​សម្ភោធ​នៃ​ការប្រជុំ​កំពូល​អាមេរិក​ ក្នុង​ទីក្រុង​ប៉ាណាម៉ា កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៥។​

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ លោក ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់អូបាម៉ា​និង​លោក​ប្រធានាធិបតី​គុយ​បា​ Raul Castro បាន​ស្វាគមន៍​និង​ចាប់​ដៃ​រលាក់នៅ​ក្នុង​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា​ (Panama)។​

ក្រុម​មន្ត្រី​រដ្ឋបាល​លោក​អូបាម៉ា​បាន​និយាយ​ថា​ការរាក់ទាក់​ដាក់​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​មាន​លក្ខណៈ​ក្រៅ​ផ្លូវ​ការ​ ​ហើយ​ថា​គ្មាន​ការ​សន្ទនា​គ្នា​ដែល​មាន​សារៈសំខាន់​ទេ។​

គេរំពឹង​ថា​លោកអូបាម៉ា​និង​លោក​ Castro នឹង​ជួបគ្នា​នៅ​ថ្ងៃ​សៅរ៍នេះ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គីមូន បាន​សរសើរ​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះនៅ​ក្នុង​ពិធី​បើក​សន្និសីទ​នេះ​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា។​

លោកបាន​មាន​ប្រសាសន៍ថា៖

“ជា​ម្តង​ទៀត​ខ្ញុំ​សូម​សរសើរ​ដល់​ភាព​ជា​មេដឹកនាំ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នៃ​ស.រ.អ. និង​លោក​ប្រធានាធិបតី Castro ដែល​បាន​ផ្តើម​គំនិត​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេ​ភាគី​មាន​ភាព​ធម្មតា​ប្រក្រតី​វិញ។"

កាល​ពី​ថ្ងៃ​សុក្រ​លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោកមាន​ការ​ពេញ​ចិត្ត​ដែល​ប្រទេស​គុយបា​បាន​ចួលរួម​ជា​ដំបូង​ក្នុង​សន្និសីទ​កំពូល​នេះ។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​នៅ​ក្នុង​សន្និសីទ​កំពូល​នេះ​ក្នុង​ក្រុង​ប៉ាណាម៉ា​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ខាង​ការទូត​សារ​ជា​ថ្មី​ទ្បើង​វិញ​ជាមួយ​ប្រទេស​គុយបា​នឹង​កែ​លម្អ​ជីវភាព​របស់​ប្រជារាស្ត្រ​គុយបា៕