អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បាននិយាយកាលពីថ្ងៃពុធថាលោកប្រធានាធិបតី Donald Trump «មិនមានលទ្ធភាពធ្វើការដោយយកចិត្តទុកដាក់ទេ»។
លោក Obamaបាននិយាយយ៉ាងដូច្នេះនៅពេលលោកធ្វើយុទ្ធនាការឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅក្នុងរដ្ឋPennsylvania ដែលជារដ្ឋសំខាន់មួយសម្រាប់ការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
ការប្រមូលផ្ដុំគ្នាដោយបើករថយន្តចូលក្នុងទីក្រុង Philadelphiaនៃរដ្ឋ Pennsylvania គឺជាព្រឹត្តិការណ៍ទីមួយដែលចូលរួមដោយផ្ទាល់របស់លោក Obama ដើម្បីគាំទ្រលោក Biden ដែលបានកាន់តួនាទីជាអនុប្រធានាធិបតីនៅពេលលោក Obama កាន់អំណាចពីរអាណត្តិកន្លងមក។
លោក Obama និយាយទៅកាន់ក្រុមអ្នកគាំទ្រដែលក្នុងក្នុងឡានប្រមាណ៣០០ គ្រឿងចតក្នុងពហុកីឡាដ្ឋានថា៖ «ខ្ញុំមិនដែលគិតថាលោក Trump នឹងចាប់យកចក្ខុវិស័យរបស់ខ្ញុំ ឬបន្តគោលនយោបាយរបស់ខ្ញុំឡើយ ប៉ុន្តែខ្ញុំសង្ឃឹមថាដើម្បីប្រទេសជាតិលោក អាចចាប់អារម្មណ៍ធ្វើការដោយយកចិត្តទុកដាក់»។
លោក Obama បន្ថែមថា៖«ប៉ុន្តែរឿងនេះមិនបានកើតឡើងឡើយ ។ លោកមិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើការឬជួបអ្នកទាំងអស់គ្នាឡើយក្រៅពីខ្លួនលោក និងមិត្តភក្តិរបស់លោក ឬចាត់ទុកតំណែងប្រធានាធិបតីជាកម្មវិធីទូរទស្សន៍ ដែលលោកអាចប្រើសម្រាប់ទាក់ទាញចំណាប់អារម្មណ៍។
លោក Trump ជាអ្នកតែងរិះគន់លោកObama ពេលលោក Obama នៅកាន់តំណែង និងបន្តវាយប្រហារលោកObama នៅក្នុងអំឡុងពេលលោកTrump កាន់តំណែង៤ឆ្នាំកន្លងមកនេះ។ កាលពីដើមខែនេះ លោកTrump បានសរសេរលើ Twitter ថា រដ្ឋបាលរបស់លោក Obama និង លោក Biden «អន់ណាស់!!!!»៕