អូបាម៉ា​នឹង​ដក​បុគ្គលិក​ស.រ.អា.ដែល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អ៊ីបូឡា​ឲ្យ​ទៅ​មាតុភូមិ​វិញ

សមាជិក​ម្នាក់​នៃ​ក្រុម​យោធា​អាមេរិក​ប្រយុទ្ធ​នឹង​ជំងឺ​អ៊ីបូឡា​លើក​ដៃ​របស់​គាត់​នៅ​ពេល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ស្តាំ​ទី​២) និយាយ​ពី​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​នៅ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​បារ៉ាក់ ​អូបាម៉ា ​កំពុង​ដក​កងទ័ព​អាមេរិកាំង​ភាគ​ច្រើន​ដែល​បញ្ជូន​ទៅ​កាន់​តំបន់​អាហ្វ្រិក​ខាង​លិចដើម្បី​ប្រយុទ្ធ​ការ​រាលដាល​នៃ​ជំងឺ​អ៊ីបូឡា។

​សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយបុគ្គលិក​យោ​ធា​៣ពាន់​នាក់ដើម្បី​បង្កើត​កង​ឯកភាព​ដើម្បី​ព្យាបាល​ជំងឺ​អ៊ីបូឡា​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ដើម្បី​ប្រយុទ្ធ​មេរោគ​នោះ។​ ថ្លែងកាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​ពីព្រោះ​តែ​ការងារ​របស់​កងទ័ព​មាន​ប្រសិទ្ធិ​ភាព​ ដូច្នេះ​ប្រហែល​១រយ​នាក់​នឹងត្រូវ​វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែកុម្ភៈ។

​លោកប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា ​បុគ្គលិក១ពាន់​៥​រយ​នាក់​បាន​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ភូមិ​វិញ​ហើយ។

​លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោកចង់បញ្ជាក់​ឲ្យ​ច្បាស់​ថា ​ថ្វីបើ​កងទ័ព​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ភូមិ​ក៏ដោយ ​ការងារ​ប្រយុទ្ធ​ជំងឺ​អ៊ី​បូឡា​មិន​ទាន់​ចប់​ទេ។​ លោក​មាន​ប្រសាសន៍​ថា ​ការ​យកចិត្តទុកដាក់​ឥឡូវនេះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ចំនួន​ករណី​នៃ​ជំងឺ​នេះ​ធ្លាក់​ដល់​សូន្យ ពី​ព្រោះ​តាម​ពាក្យ​លោក​ប្រធានាធិបតីករណី​ទាំងអស់​ជា​ងងើក​ភ្លើង​ដែល​អាច​ចាប់​ផ្តើម​ផ្ទុះឡើង​វិញ។

​កងទ័ព​សហរដ្ឋអាមេរិក​ដែលនៅ​សល់ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​ជាមួយ​យោធា​នៃ​ប្រទេស​លីបេរីយ៉ា (Liberia) ​ដៃគូ​ក្នុង​តំ​បន់​និង​ជន​ស៊ីវិល​សហរដ្ឋអាមេរិកដើម្បី​បន្ត​ប្រយុទ្ធ​ជំងឺ​អ៊ីបូឡា។

​ការ​ផ្ទុះ​ឡើង​នូវ​ជំ​ងឺ​អ៊ីបូឡា​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្តពិភពលោក​បាន​សម្លាប់​មនុស្ស​ជិត​៩ពាន់​នាក់។​ ​ករណី​ជំងឺក្នុង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​មាន​នៅ​ប្រទេស​ហ្គីណេ (Guinea) លីបេរីយ៉ា (Liberia) ​និង​ប្រទេស​សៀរ៉ាឡែអូន(Sierra Leone) ​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​២សប្តាហ៍​កន្លង​មក​នេះ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក៕