លោក​ប្រធានាធិបតី​អូបាម៉ា​ស្នើ​ថវិកា​៤លាន​លាន​ដុល្លារសម្រាប់​ឆ្នាំ​២០១៦

លោក​ប្រធានា​ធិបតី​បារ៉ាក់​អូបាម៉ា ​​ថ្លែង​សន្ទរកថា​នៅ​ឯ​ក្រសួង​សន្តិសុខ​មាតុភូមិ​អំពី​សំណើ​ថវិកា​សារពើពន្ធ​ឆ្នាំ២០១៦ កាល​ពី​ថ្ងៃ​ច័ន្ធ​ ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​ស.រ.អា​.​បារ៉ាក់អូបាម៉ា​ បា​ន​បញ្ជូន​សំណើ​ចំណាយ​៤លាន​លាន​ដុល្លារ​ទៅឲ្យ​សភា​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើន​ពន្ធដារ​លើ​ពួក​ជន​មាន​ធន​ធាន​ច្រើន​ក្នុង​ឆ្នាំ២០១៦ ​ការ​បញ្ឈប់​ការ​កាត់​ចំណាយ​ជាចាំ​បាច់​និង​ការ​ផ្តល់​ប្រាក់​ច្រើន​ជាង​មុន​សម្រាប់​ជួយ​ប្រជារាស្ត្រ​អាមេរិកាំង​ថ្នាក់​កណ្តាល​ដែលមាន​បញ្ហា​ហិរញ្ញវត្ថុ។​

លោក​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​សំណើ​របស់​លោក​នឹង​មាន​ការ​ជំទាស់​ខ្លាំង​ពី​ពួក​សាធារណរដ្ឋ​នៅ​ក្នុង​សភា។​ ក៏​ប៉ុន្តែ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​នេះ​មាន​«ជម្រើស​សំខាន់ៗ​ខ្លះ​ត្រូវ​ធ្វើ​អំពី​ថា​តើ​ យើង​ចង់​បាន​ប្រទេស​នេះ​ទៅ​ជា​បែប​ណា»។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​សួរ​ពួក​បុគ្គលិក​រដ្ឋាភិបាល​មួយ​ក្រុម​នៃ​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​ថា​ «តើ​យើង​នឹង​ទទួល​យក​សេដ្ឋកិច្ច​មួយ​ដែល​មនុស្ស​មួយ​ចំនួន​តូច​ក្នុង​បណ្តា​ពួក​យើង​មាន​ធន​ធាន​ច្រើន​អស្ចារ្យ​ឬ​មួយ​យើងនឹង​កសាង​សេដ្ឋកិច្ច​មួយ​ដែលប្រជារាស្ត្រ​គ្រប់​គ្នា​ដែល​ឧស្សាហ៍​ធ្វើ​ការងារ​មាន​ឱកាស​មួយ​ដើម្បី​លូត​លាស់​ទៅ​មុខ?»

ជា​មួយ​សេដ្ឋកិច្ច​ស.រ.អា​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​កំពុង​ល្អ​ប្រសើរ​ជាង​មុន​ជា​លំដាប់​ លោក​អូបាម៉ា​អំពាវនាវ​ឲ្យ​មាន​ការ​យក​ពន្ធដារ​១៤​ភាគ​រយ​លើ​ប្រាក់​កម្រៃ​របស់​ក្រុមហ៊ុន​ដែល​ទៅ​រក​ស៊ី​នៅ​ក្រៅ​ប្រទេស។​

ពន្ធដារ​នេះ​អាច​ជួយ​ផ្តល់​ប្រាក់​ជិត​៥០០​ពាន់​លាន​ដុល្លារ​ក្នុង​ការកែលម្អ​មហា​វិថី​ធំ​របស់​ប្រទេសជាតិ​ ជួស​ជុល​ស្ពាន​ចាស់ៗ​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ឯ​ទៀតៗ​ ចំណែក​ឯ​វិក័យបត្រ​ធំជាង​នេះ​សម្រាប់​ពួក​អ្នក​បង់​ពន្ធដារ​មាន​ធនធាន​ច្រើន​នឹងផ្តល់​ប្រាក់​៣០០ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ស​ម្រាល​ពន្ធដារ​ឲ្យ​ប្រជារាស្ត្រអាមេរិកាំង​មាន​ឋានៈ​កណ្តាល៕