លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានសូមទោសអង្គការគ្រូពេទ្យគ្មានព្រំដែន ចំពោះការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមនុស្សធម៌អន្តរជាតិ ដែលបានសម្លាប់មនុស្សអស់២២នាក់ កាលពីសប្តាហ៍មុន នៅទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងថា លោក អូបាម៉ា បានទូរស័ព្ទទៅកាន់ប្រធាននៃអង្គការគ្រូពេទ្យគ្មានព្រំដែន លោកស្រី Joanne Liu ដើម្បីសូមទោសនិងសម្តែងនូវការរំលែកទុក្ខ។
លោក Earnest បានថ្លែងទៀតថា «ក្នុងករណីនេះ មានកំហុសមួយហើយជាកំហុសដែលស.រ.អា.ទទួលខុសត្រូវ»។ លោកបន្តថា លោក អូបាម៉ា ចង់ជីកឫសជីកគល់ឲ្យដឹងថា «តើមានរឿងអ្វីដែលបានកើតឡើងនៅទីនោះឲ្យពិតប្រាកដ»។
បើតាមសម្តីរបស់លោក Josh Earnest លោក អូបាម៉ា ក៏បានទូរស័ព្ទទៅប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន លោក Ashraf Ghani ដើម្បីសម្តែងនូវការរំលែកទុក្ខរបស់លោក ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់នៅក្នុងការទម្លាក់គ្រាប់បែកកាលពីថ្ងៃសៅរ៍ និងដើម្បីកោតសរសើរកងកម្លាំងអាហ្វហ្គានីស្ថាន ចំពោះសេចក្តីក្លាហានរបស់ពួកគេក្នុងការប្រយុទ្ធដើម្បីកាន់កាប់ទីក្រុងភាគខាងជើង ក្នុងការប៉ះទង្គិចជាមួយពួកតាលីបាន់៕