លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អា.និយាយថា ពលរដ្ឋរស់នៅរដ្ឋ Alaska ដែលនៅភាគពាយព្យស.រ.អាជាប់តំបន់ប៉ូល Arctic បានដឹងថា ពួកគេរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ។ លោកប្រធានាធិបតីថ្លែងដូច្នេះនៅពេលលោកត្រៀមខ្លួនធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅរដ្ឋនេះ ដោយចាប់ពីថ្ងៃច័ន្ទ។
លោកប្រធានាធិបតីអូបាម៉ាថ្លែងនៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកនៅថ្ងៃសៅរ៍នេះថា ពលរដ្ឋនៅរដ្ឋ Alaska បានជួបព្យុះធំជាងពីមុន ហើយទឹកកកក្នុងសមុទ្ររលាយ និងមានភ្លើងឆេះព្រៃញឹកញាប់ ហើយទ្រង់ទ្រាយធំ។ ហើយការប្រែប្រួលអាកាសធាតុបានបំផ្លាញផ្ទាំងទឹកកក ហើយឆ្នេរសមុទ្រក្នុងពិភពលោកត្រូវបានបំផ្លាញ។
លោកប្រធានាធិបតីថ្លែងថា ប្រសិនបើស.រ.អាមិនចាត់វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុទេ នោះសីតុណ្ហភាពនៅតំបន់ Alaska នឹងឡើងកំដៅរវាងពី៦ ទៅ១២អង្សាសេនៅចុងសតវត្សរ៍នេះ ហើយវានឹងប៉ះពាល់ឧស្សាហកម្មជាច្រើន៕