អ្នកស៊ើបអង្កេតបាននិយាយកាលពីថ្ងៃពុធថា អ្នកបើកបររូបនោះដែលបានជួលរថយន្ត pickup មួយគ្រឿងបើកបុកមនុស្សម្នានៅលើផ្លូវជិះកង់ដ៏មមាញឹកមួយនៅក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារនោះតាំងនាមឲ្យក្រុមរដ្ឋឥស្លាម។
លោក John Miller ស្នងការប៉ូលិសរងក្នុងទីក្រុង ញូវយ៉ក បាននិយាយថា «គាត់បានធ្វើដូច្នេះតាំងនាមឲ្យក្រុមរដ្ឋឥស្លាម»។
លោក Miller បានថ្លែងទៅកាន់អ្នកកាសែតថា ជនសង្ស័យរូបនោះឈ្មោះ Sayfullo Saipov អាយុ ២៩ ឆ្នាំ ជនជាតិ អ៊ូបេគីស្ថាន និងបានចូលមកក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១០ ហើយទំនងជាបានធ្វើតាមដំបូន្មាន T មួយ ដែលក្រុមរដ្ឋឥស្លាមបានបង្ហោះលើបណ្តាញសង្គម អំពីវិធីធ្វើការវាយប្រហារដោយប្រើរថយន្តទៅលើអ្នកថ្មើរជើងនិងអ្នកជិះកង់។
លោក Miller បានថ្លែងថា កំណត់ត្រាដែលជាប់ពាក់ព័ន្ធនឹងជន Saipov ត្រូវបានរកឃើញនៅកន្លែងកើតហេតុក្នុងសង្កាត់ Manhattan នៃទីក្រុងនេះ ដែលក៏ជាកន្លែងលោក Ryan Nash ប៉ូលិសក្រុង ញូវយ៉ក វ័យ២៨ឆ្នាំ បានបាញ់សម្លាប់ជនសង្ស័យរូបនេះចំត្រង់ពោះ ដើម្បីបញ្ចប់ការវាយប្រហារដែលបានធ្លាយដល់២០ប្លុក តាមបណ្តោយដងទន្លេ Hudson ផងដែរ។
លោក Miller និយាយថា កំណត់ត្រានោះត្រូវបានសរសេរដោយដៃជាភាសាអារ៉ាប់ ដែលមានន័យថា «ពួកគេមានសញ្ញានិងអក្សរ។ ប៉ុន្តែចំណុចសំខាន់នៃកំណត់ត្រានេះគឺថា ក្រុមរដ្ឋឥស្លាមនឹងស្ថិតនៅជានិរន្តរៀងទៅ»៕