ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន UNHCR បានរាយការណ៍ថា មនុស្សជាង ៩ លាននាក់ បានខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយសារការធ្វើទុក្ខបុកម្នេញ និងសង្គ្រាមក្នុងឆ្នាំ ២០១៩ ដែលនាំឱ្យចំនួនសរុបនៃជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយបង្ខំនៅទូទាំងពិភពលោកបានកើនដល់ ៧៩ លាន ៥ សែននាក់ ដែលជាចំនួនមិនធ្លាប់មានពីមុន។
តួលេខមិនធ្លាប់មានបែបនេះមាននៅក្នុងរបាយការណ៍អំពីនិន្នាការសាកលប្រចាំឆ្នាំរបស់ទីភ្នាក់ងារ UNHCR ដែលទើបបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
នៅពេលបច្ចប្បន្ននេះ មនុស្សជាតិជាងមួយភាគរយ ឬក៏មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៩៧ នាក់នៅលើភពផែនដីនេះ គឺបានខ្ចាត់ព្រាត់ពីផ្ទះសម្បែង។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន UNHCR ចាត់ទុកការណ៍នេះថាជាបញ្ហាមួយដែលនាំឱ្យមានការព្រួយបារម្ភខ្លាំង។ ទីភ្នាក់ងារនេះកត់សម្គាល់ថា ភាគច្រើននៃមនុស្សជិត ៨០ លាននាក់ដែលបានខ្ចាត់ព្រាត់ពីផ្ទះសម្បែងគឺផ្លាស់ទីនៅខាងក្នុងប្រទេសពួកគេផ្ទាល់។
ចំណែកឯមនុស្ស ២៩ លាន ៦ សែននាក់ទៀត គឺជាជនភៀសខ្លួនដែលស្វះស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសឯទៀត។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន បាននិយាយថា ជនភៀសខ្លួនភាគច្រើនមិនស្វែងរកសិទ្ធិជ្រកកោនក្នុងពួកប្រទេសអ្នកមានដូចការគិតជាទូទៅនោះទេ ប៉ុន្តែពួកគេរត់គេចខ្លួនទៅកាន់ប្រទេសជិតខាង។ លោកថ្លែងថា ជនភៀសខ្លួនចំនួន ៨៥ ភាគរយ ត្រូវបានទទួលឱ្យស្នាក់នៅក្នុងប្រទេសកំពុងក្រីក្រកំពុងអភិវឌ្ឍ។
លោក Grandi និយាយថា ជនភៀសខ្លួន ៦៨ ភាគរយ នៅលើពិភពលោក មានប្រភពមកពីប្រទេសចំនួន ៥។
លោក Filippo Grandi បញ្ជាក់ដូច្នេះថា៖ «ប្រទេសទាំង ៥ នោះ គឺប្រទេសស៊ីរី វេណេហ្ស៊ុយអេឡា អាហ្វហ្គានីស្ថាន ស៊ូដង់ខាងត្បូង និងភូមា។ អ្នកដឹងហើយថាតើចំណុចនេះមានន័យបែបណានោះ។ប្រសិនបើវិបត្តិនៅក្នុងប្រទេសទាំងនោះត្រូវបានដោះស្រាយ នោះ ៦៨ ភាគរយនៃការខ្ចាត់ព្រាត់ពីផ្ទះសម្បែងដោយបង្ខំ ប្រហែលជាអាចត្រូវដោះស្រាយបាន»។
លោក Grandi និយាយថា ជម្លោះនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តំបន់ Sahel នៃទ្វីបអាហ្វ្រិក ប្រទេសយេមែន និងប្រទេសស៊ីរី បានបណ្តាលឱ្យមានភាគច្រើននៃក្រុមមនុស្ស ប្រហែល ៩ លាននាក់ ដែលទើបបានខ្ចាត់ព្រាត់ពីផ្ទះសម្បែងកាលពីឆ្នាំមុន។
លោកថ្លែងថា លោកមានព្រួយបារម្ភជាពិសេសអំពីអត្រាធ្លាក់ចុះច្រើននៃចំនួនពួកជនភៀសខ្លួនដែលអាចវិលត្រឡប់ទៅផ្ទះវិញបាន ឬអាចរកប្រទេសសម្រាប់តាំងលំនៅដ្ឋានជាថ្មីបាន។
លោកកត់សម្គាល់ថា នៅក្នុងទសវត្សរ៍ ១៩៩០ ជាមធ្យម ជនភៀសខ្លួន ១ លាន ៥ សែននាក់ អាចវិលត្រឡប់ទៅផ្ទះវិញបានជារៀងរាល់ឆ្នាំ។ លោកនិយាយថា នៅពេលបច្ចុប្បន្ននេះ តួលេខនេះបានធ្លាក់ចុះមកនៅត្រឹមតិចជាង ៤ សែននាក់ក្នុងមួយឆ្នាំ។
លោក Grandi ថ្លែងដូច្នេះថា៖ «ជាការពិត នេះជាសញ្ញាមួយនៃជម្លោះដែលមានជាបន្ត ការផ្ទុះឡើងនូវជម្លោះថ្មីៗ អស្ថិរភាព និងដំណើរជាប់គាំងរបស់សហគមន៍អន្តរជាតិ ដែលក្នុងនោះមានទាំងស្ថាប័នដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិជាដើមនៅក្នុងការដោះស្រាយដើម្បីបញ្ចប់ជម្លោះទាំងនេះ ហើយបង្កើតឱ្យមានស្ថានភាពសម្រាប់ឱ្យជនភៀសខ្លួននិងជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ»។
របាយការណ៍របស់ទីភ្នាក់ងារ UNHCR នេះ បានកត់សម្គាល់ថា តួលេខជនភៀសខ្លួនដែលតាំងលំនៅដ្ឋានជាថ្មីនៅក្នុងប្រទេសទី ៣ បានថយចុះមកនៅត្រឹម ១ សែន ៧ ពាន់នាក់ កាលពីឆ្នាំមុន បើប្រៀបធៀបនឹងចំនួន ១ សែន ៦ ម៉ឺន ៣ ពាន់នាក់ កាលពីឆ្នាំ ២០១៦។
តួលេខនៃការតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិកបានថយចុះច្រើន។ នៅពេលនេះ ប្រទេសកាណាដាបានជំនួសសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដែលទទួលជនភៀសខ្លួនច្រើនជាងគេឱ្យតាំងទីជាថ្មី។
ព័ត៌មាននៅក្នុងរបាយការណ៍ស្ដីអំពីនិន្នាការសាកលលោកនេះ មិនបានបញ្ចូលផលប៉ះពាល់នៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ លើការជ្រកកោនក្នុងប្រទេសទី ៣ ទេ។ ក៏ប៉ុន្តែ លោក Grandi បានកត់សម្គាល់ថា ប្រទេសចំនួន ១៦៤ បានបិទព្រំដែនទាំងស្រុង ឬជាផ្នែក ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ករណីនេះបានធ្វើឲ្យថយចុះនូវសកម្មភាពរបស់មនុស្សមិនឆ្លងព្រំដែនដើម្បីស្វែងរកកិច្ចការពារអន្តរជាតិ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ