ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍៖ មនុស្ស​ជិត​៤១​លាន​នាក់​​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​ស្រុក​នៅ​ទូទាំង​ពិភពលោក​  


លោក Jan Egeland ​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជន​ភៀស​ខ្លួន​ន័រវែស​ស្តាប់​គ្រួសារ​ស៊ីរី​មួយ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Marej ប្រទេស​លីបង់។

របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ដែល​ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ដោយសារ​ជម្លោះ​ និង​គ្រោះមហន្តរាយ​ធម្មជាតិ​មាន​ចំនួន​៤០​លាន​៨​សែន​នាក់​កាល​ពី​ឆ្នាំ​មុន ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។​

មជ្ឈមណ្ឌលតាមដាន​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​ក្នុង​ស្រុក​របស់​ក្រុម​ប្រឹក្សា​ជន​ភៀស​ខ្លួន​ន័រវែស (IDMC) បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មនុស្ស​ចំនួន​២៧​លាន​៨​សែន​នាក់​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​ស្រុក​ក្នុង​ឆ្នាំ​២០១៥។ ​

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង VOA លោក Karl Schembri ​ទីប្រឹក្សា​ទទួល​បន្ទុក​ការិយាល័យ​នៅ​មជ្ឈិមបូព៌ា​នៃ​ក្រុមប្រឹក្សា​ជន​ភៀស​ខ្លួន​ន័រវែស ​បាន​មាន​ប្រសាសន៍​ថា «វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់»។

របាយការណ៍​នោះ​បាន​រក​ឃើញ​ថា ជា​មធ្យម​មនុស្ស​ចំនួន​៦​ម៉ឺន​៦​ពាន់​នាក់​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៥ ដែល​តួលេខកាល​ពី​ឆ្នាំ​មុន​ស្មើ​នឹង​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​ញូវយ៉ក ទីក្រុង​ឡុងដ៏ ទីក្រុង​ប៉ារីស​ និង​ទីក្រុង​គែរបូក​សរុប​ចូល​គ្នា។​

លោក Jan Egeland ​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​នេះ​បាន​មាន​ប្រសាសន៍​ថា «ពិភពលោក​កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​ផ្លាស់ប្ដូរ​ទីលំនៅ ដែលកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ កន្លែង​ជាច្រើនពោរពេញ​ដោយ​ជម្លោះ ​និងឬ​ជួប​ប្រទះ​នឹង​គ្រោះ​មហន្តរាយ»។​

មនុស្ស​ចំនួន​៦​ភាគរយ​ក្នុង​ចំណោម​មនុស្ស​ចំនួន​៨​លាន​៦​សែន​នាក់ដែលបាន​ផ្លាស់ប្ដូរ​ទីលំនៅដោយសារ​ជម្លោះ ​គឺ​ស្ថិត​នៅ​ក្នុងប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​យេមែន ប្រទេស​ស៊ីរី និង​ប្រទេស​អ៊ីរ៉ាក់៕

XS
SM
MD
LG