ទិវាសិទ្ធិនារីត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែសីហា នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយជាថ្ងៃឈប់សម្រាកសាធារណៈមួយផងដែរ ដើម្បីរំឭកដល់ការប្រឆាំងតវ៉ាជាប្រវត្តិសាស្ត្រទៅលើច្បាប់ដ៏អយុត្តិធម៌មួយចំនួន នៅក្រោមរបបរើសអើងពូជសាសន៍កាលពីអតីតកាល។
សកម្មជនសិទ្ធិស្ត្រី អ្នកស្រី Caroline Peters បានពន្យល់ដូចនេះថា៖ «ការប្រារព្ធនេះកើតមានឡើងក្រោយពីមានការអំពាវនាវឱ្យធ្វើសកម្មភាពក្នុងឆ្នាំ ១៩៥៦ នៅពេលដែលស្ត្រីប្រមាណ ២ ម៉ឺននាក់ បាននាំគ្នាដើរជាក្បួនទៅកាន់អគារសហជីពក្នុងទីក្រុង Pretoria ដោយច្រៀងចម្រៀងដែលមានខ្លឹមសារថា «អ្នកវាយប្រហារលើស្ត្រីម្នាក់ ដូចជាវាយប្រហារលើផ្ទាំងថ្មដូច្នោះដែរ»។
បើទោះបីប្រទេសអាហ្វ្រិកខាងត្បូង ជាប្រទេសប្រជាធិបតេយ្យនិងមានរដ្ឋធម្មនុញ្ញកំណែទម្រង់មួយ ដែលធានាឱ្យមានសមភាពយេនឌ័រយ៉ាងណាក្តី ក៏អ្នកស្រី Peters និយាយថា ការកើនឡើងនៃចំនួនជនរងគ្រោះជាស្ត្រីភេទ ដែលត្រូវបានសម្លាប់នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ មានន័យថា នេះមិនមែនជាការឈប់សម្រាកដោយក្តីសប្បាយរីករាយនោះឡើយ។
អ្នកស្រីបន្ថែមដូចនេះទៀតថា៖ «ជាសកម្មជនលើកកម្ពស់យេនឌ័រប្រឆាំងអំពើហិង្សាជាមូលដ្ឋាន ដែលបានធ្វើការងារក្នុងសហគមន៍រយៈពេល ៣០ ឆ្នាំកន្លងទៅ ខ្ញុំមិនដែលឃើញកម្រិតនៃអំពើហិង្សាកើនឡើងដូចនេះក្នុងពេលកន្លងមកនោះឡើយ។ អំពើហិង្សាលើរាងកាយស្ត្រីមានការកើនឡើងខ្លាំង។ ខ្ញុំមានអារម្មណ៍ស្ទើរតែថា យើងមិនមានអ្វីត្រូវប្រារព្ធឡើយ [សម្រាប់ទិវាសិទ្ធិនារីនៅពេលនេះ]»។
របាយការណ៍ប៉ូលិសក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះបានបង្ហាញថា មានការរំលោភផ្លូវភេទប្រមាណ ១០.៥១២ ករណី ហើយស្ត្រីចំនួន ៩៦៩ នាក់ ត្រូវបានសម្លាប់។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ធ្លាប់បាននិយាយក្នុងពេលកន្លងទៅថា ប្រទេសអាហ្រ្វិកខាងត្បូង មានអំពើហិង្សាប្រឆាំងយេនឌ័រកម្រិតខ្ពស់ ដែលអាចប្រៀបធៀបបានជាមួយនឹងបណ្តាប្រទេសដែលកំពុងមានសង្គ្រាមផងដែរ និងប្រដូចបញ្ហានេះទៅនឹងជំងឺរាតត្បាតមួយ។
អ្នកនាំពាក្យក្រសួងប៉ូលិសអាហ្វ្រិកខាងត្បូង អ្នកស្រី Lirandzu Themba និយាយថា ស្ថាប័នប៉ូលិសអាហ្វ្រិកខាងត្បូង មានការបារម្ភជាខ្លាំងលើសុវត្ថិភាពស្ត្រី។
អ្នកស្រីបញ្ជាក់ដូចនេះថា៖ «ស្ថាប័នប៉ូលិសអាហ្វ្រិកខាងត្បូង កំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដើម្បីស្វែងរកក្រុមជនដៃដល់ ដែលប្រើអំពើហិង្សាលើស្ត្រី ដោយបានចាប់ខ្លួនក្រុមជនល្មើស និងជនរំលោភផ្លូវភេទស្ត្រី ក៏ដូចជាកំពុងជួបសន្ទនាជាមួយក្រុមបុរសៗនៅតាមសហគមន៍មួយចំនួនផងដែរ»។
ប៉ុន្តែអ្នកស្រី Mara Glennie ដែលជាអ្នកគ្រប់គ្រងប្រព័ន្ធហៅទូរស័ព្ទបន្ទាន់ដោយមិនគិតថ្លៃស្តីពីវិបត្តិនេះ ឬ TEARS បានកត់សម្គាល់ថា ស្ត្រីដែលបានរាយការណ៍ពីការរំលោភផ្លូវភេទ មិនតែងតែត្រូវបានជួយឲ្យគ្រប់គ្រាន់នោះឡើយ។
អ្នកស្រីបន្តដូចនេះថា៖ «ស្ត្រីដែលទៅរាយការណ៍នៅស្ថានីយប៉ូលិស ជារឿយៗត្រូវបានគេឱ្យទៅផ្ទះវិញ និងធ្វើការសម្របសម្រួលជាមួយដៃគូរបស់គេ ជាជាងផ្តល់ជំនួយដែលគេត្រូវការ»។
នៅពេលត្រូវសួរថា ហេតុអ្វីបានជាអំពើហិង្សាជាមូលដ្ឋានលើយេនឌ័រ ក្លាយជារឿងដ៏គួឱ្យបារម្ភនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងនោះ អ្នកស្រី Sis’Mantoa Selepe ដែលជាសកម្មជនសមភាពយេនឌ័រលើកឡើងដូចនេះថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចសង្គមក៏ដូចជាប្រវត្តិសាស្ត្រដ៏ជូរចត់នៃការប្រកាន់ពូជសាសន៍ក្នុងអតីតកាល ចូលរួមជាចំណែកមួយក្នុងបញ្ហានេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថា ជាមួយនឹងក្រុមបុរសនៅក្នុងប្រទេសអាហ្វ្រិកទាំងនេះ យើងមានកំហឹងគុំគួនតជំនាន់ ដែលជាកំហឹងដែលបន្តពីជំនាន់មួយទៅជំនាន់មួយ ដោយសារតែភាពក្រីក្រ និងភាពអយុត្តិធម៌ក្នុងអតីតកាលផងដែរ»។
អ្នកស្រីនិយាយថា វាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលត្រូវវិនិយោគក្នុងការអប់រំដល់ក្រុមបុរសៗ ដើម្បីឱ្យយល់ដឹងពីភាពស្មើគ្នានៃយេនឌ័រ ដើម្បីដោះស្រាយការប្រឈមទាំងនេះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ