ក្រោយ​ពី​មិន​បង្ហាញ​មុខ​នៅ​សាលា​ឧទ្ធរណ៍​​ លោកកឹម​ សុខា​​​ផ្ញើ​លិខិត​ថ្វាយ​ព្រះ​ពរ​​​ខួប​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់ VOA នៅគេហដ្ឋានរបស់លោក កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ដោយ​មិន​បាន​បង្ហាញ​មុខ​នៅ​សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃ​ពុធ​ លោក កឹម សុខា​ នៅ​ថ្ងៃ​ដដែល​នេះ ​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះពរ​ព្រះបាទ ​នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មុន​ខួប​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ។ នេះ​បើ​ផ្អែក​តាម​លិខិត​មួយ​ច្បាប់​ដោយ​មាន​ហត្ថលេខា​របស់​លោក កឹម សុខា​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុកបស់​លោក​នៅ​ថ្ងៃ​ពុធ​ ទី​១៣​ ខែ​ឧសភា​នេះ។​

​ព្រះ​មហា​ក្សត្រនរោត្តម សីហមុនី ​ដែល​ទើបយាង​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​ជាមួយ​ព្រះ​មាតា​របស់​ព្រះអង្គ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ នឹង​មាន​ព្រះជន្ម​គម្រប់ ​៦៨ ​ព្រះ​វស្សា ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ។​

លិខិតរបស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​កម្ពុជា​រំលាយ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ​ បាន​សរសេរ​ដោយ​បួងសួង​និង​ថ្វាយ​ព្រះ​ពរ​អង្គ​ព្រះ​មហា​ក្សត្រ​សូម​ឲ្យ​ «ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា ព្រះ​កាយ​ពលមាំ​មួន​ ព្រះរាជ​សុខភាព​ល្អ​បរិបូណ៍ និង​មាន​ព្រះ​ជន្មាយុយឺន​យូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ប្រថាប់​ក្នុង​ព្រះ​បរម​រាជ​សម្បត្តិ​ជា​ម្លប់​ដ៏ត្រជាក់​ត្រជុំ​ដល់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប»។​

លោក កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​និង​ជំនុំជម្រះ​ទោស​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​នេះ​ដែរ លោក សម​ រង្ស៊ី មេដឹកនាំ​កំពូល​ម្នាក់​ទៀត​នៃ​គណបក្ស​សង្គ្រោះជាតិ​ ដែល​បច្ចុប្បន្ន​រស់​នៅ​ប្រទេស​បារាំង ក៏​បាន​បង្ហោះ​សារ​មួយ​ដោយ​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចាស់ៗ​ «លាលែង​ពី​តំណែង​ទាំង​អស់​គ្នា ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ឡើង​មក​ដឹកនាំ​ប្រទេស»​វិញ​ម្តង៕