ប្រទេសកូរ៉េខាងត្បូងនិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានបន្ថយការត្រៀមខ្លួនខាងយោធា បន្ទាប់ពីភាគីទាំងពីរបានធ្វើការព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ មន្ត្រីនានាបញ្ជាក់ថា កូរ៉េខាងជើងបានបន្ធូរបន្ថយស្ថានភាពដែលកូរ៉េខាងជើងខ្លួនឯងហៅថា ការត្រៀមធ្វើសង្គ្រាម។
ការបន្ធូរបន្ថយនេះធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារម្សិលមិញ ហើយកូរ៉េខាងត្បូងបានឆ្លើយតបដោយបន្ថយការត្រៀមប្រយុទ្ធការពារខ្លួនផងដែរ។ ក្នុងកិច្ចព្រមព្រៀងនេះ កូរ៉េខាងជើងបានបង្ហាញការសោកស្តាយអំពីការផ្ទុះមីន ដែលបានធ្វើឲ្យទាហានកូរ៉េខាងត្បូងពីរនាក់រងរបួស។
ជាការឆ្លើយតប កូរ៉េខាងត្បូងបានបញ្ឈប់ការផ្សាយឃោសនាការតាមមេក្រូចូលទៅកូរ៉េខាងជើង។ ភាគីទាំងពីរនិយាយថា ពួកគេនឹងបន្តកម្មវិធីជួបជុំគ្រួសារកូរ៉េឡើងវិញនៅខែកញ្ញា។ គ្រួសារកូរ៉េបែកបាក់គ្នាដោយសារជម្លោះនៅសង្គ្រាមត្រជាក់។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាធ្វើការពិភាក្សាក្នុងពេលឆាប់ៗ នៅក្នុងក្រុងសេអ៊ូល ឬនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឲ្យទំនាក់ទំនងប្រសើរឡើងវិញ។ កូរ៉េខាងត្បូងបានផ្តល់សញ្ញាថា កិច្ចពិភាក្សាបែបនេះអាចបញ្ជូលការដកទណ្ឌកម្ម ដែលបានធ្វើឡើងតាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើឲ្យកប៉ាល់កូរ៉េខាងត្បូងលិច៕