កូរ៉េខាង​ជើង​និងកូរ៉េ​ខាងត្បូង​ចាប់ផ្តើម​កិច្ចចរចា​ឲ្យមាន​ការជួបជុំ​គ្រួសារ

ជនជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បែក​ពី​គ្រួសារ​របស់​ពួកគេ​ ក្នុង​អំឡុង​ពេល​ សង្គ្រាម​កូរ៉េ​ បាន​និយាយ​ជាមួយ​ក្រុម​មន្ត្រី​កាកបាទ​ក្រហម​ ខណៈ​ដែល​ពួកគេ​ កំពុង​ពិនិត្យ​មើល​ពាក្យ​សុំ​ជួប​ជុំ​ជាមួយ​សមាជិក​គ្រួសារ​របស់​ពួកគេ​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ នៅ​ឯ​ទី​ស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កូរ៉េ​ខាងត្បូង​ ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង។

ក្រុមតំណាង​មកពី​ប្រទេស​កូរ៉េខាង​ជើង និង​កូរ៉េខាង​ត្បូង​ចាប់ផ្តើម​កិច្ចចរចា​នៅថ្ងៃ​ច័ន្ទ​នេះ​ក្នុងបំណង​ធ្វើឲ្យជួប​ជុំឡើងវិញ​ចំពោះ​ក្រុមគ្រួសារ​ណា​ដែល​បាន​បែកបាក់​គ្នា​អស់​រយៈ​ពេល៦០ឆ្នាំ​ ដោយសារ​សង្គ្រាម​កូរ៉េ។

ក្រុមមន្ត្រី​កាកបាទ​ក្រហម​មកពីទីក្រុង​សេអ៊ូល ​និង​ក្រុង​ព្យុងយ៉ាង​បាន​អង្គុយពិភាក្សា​គ្នានៅ​ឯភូមិ​ឈប់បាញ់​គ្នាមួយ​ក្នុងតំបន់​ Panmunjom ​ដើម្បី​ដោះ​ស្រាយ​ថាទីណា​និងពេលណា​ដែលត្រូវ​រៀបចំ​ឲ្យមាន​ការជួបជុំ​គ្រួសារ​នៅជុំ​ចុងក្រោយ​នេះ​ ដែលគេ​ដឹងថា​ការជួបជុំគ្នា​មុននោះ​បានកើត​ឡើងកាល​ពីខែកុម្ភៈ ឆ្នាំ​២០១៤។

មានការ​រំពឹង​ទុកជា​មុនថា​ការជួបជុំគ្នា​ខាងមុខ​នឹងកើត​ឡើង​នៅក្នុង​ខែតុលា​ នៅ​ឯតំបន់​រមណីយដ្ឋាន ​Mount Kumgang​ ដែលមាន​ទេសភាព​ត្រកាល​ នៃ​ប្រទេស​កូរ៉េ​ខាងជើង​ ដែលនោះ​ជា​ទីតាំង​នៃការធ្វើ​ពិធីជួបជុំគ្នា​ កាលពីឆ្នាំ​២០១៤។

ក្រុមគ្រួសារ​កូរ៉េទាំងពីរ​បានបែក​បាក់គ្នា​ក្នុងឆ្នាំ​១៩៥០​ ដល់ឆ្នាំ​១៩៥៣ ​ដោយសារ ការបែក​បាក់រវាង​ឧបទ្វីប​កូរ៉េ​ខាងជើង​ជាប្រទេស​កុម្មុយនិស្ត​ និង​កូរ៉េ​ខាងត្បូង​ជា ប្រទេស​ប្រកាន់​លទ្ធិប្រជាធិប​តេយ្យ៕