អង្គការ​សិទ្ធិមនុស្ស​ថា ​អ្នក​ជាប់​ឃុំ​នៅ​កូរ៉េខាងជើង​តែងតែ​រង​ទារុណកម្ម

រូបឯកសារ៖ ប៉ូលិស​ស្រី​ម្នាក់​កំពុង​ឈរ​យាម​ល្បាត​ពន្ធនាគារ​មួយ​នៅ​កូរ៉េខាងជើង ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០១១​។

ប្រព័ន្ធ​ឃុំ​ខ្លួន​មុន​ពេល​ជម្រះ​ក្តី​របស់​កូរ៉េ​ខាងជើង​មាន​ការ​ធ្វើ​ទារុណ​កម្ម​ជាប្រព័ន្ធ ការ​ធ្វើ​បាប និង​អំពើ​ពុករលួយហួស​កម្រិត។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។

អង្គការ Human Rights Watch ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក​មួយ​នេះ​បាន​លាតត្រដាង​អំពី​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្ម​ទណ្ឌ​ដ៏​សម្ងាត់​របស់​ប្រទេស​កូរ៉េខាងជើង​នេះ​នៅ​ក្នុង​របាយការណ៍មួយ​ដែល​មាន​៨៨ទំព័រ​ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែតុលា ដោយ​ផ្អែក​លើ​ព័ត៌មាន​ពី​អតីតអ្នក​ជាប់​ឃុំ​ និងអតីតមន្ត្រី​រដ្ឋាភិបាល​ដែល​រត់​គេច​ចេញ​ពី​ប្រទេស​កូរ៉េខាងជើង។

អតីត​អ្នកជាប់​ឃុំនានា​បាន​ពណ៌នា​ថា​ ពួកគេ​ត្រូវបាន​បង្ខំ​ឲ្យ​អង្គុយ​ស្ងៀម​មួយ​កន្លែង​លើ​ឥដ្ឋ​ អោនក្បាល​ចុះ​ក្រោម​ និង​ត្រូវ​សម្លឹង​ទៅ​លើ​ឥដ្ឋ​ជាច្រើន​ថ្ងៃ។ ពួកគេ​និយាយ​ថា ​បើសិន​ជា​អ្នក​ជាប់​ឃុំ​ម្នាក់​មានចលនា អ្នក​យាម​នឹង​ដាក់​ទោស​មនុស្ស​ម្នាក់​នោះ​និង​ដាក់ទោស​ជាក្រុម​ដល់​អ្នក​ជាប់​ឃុំទាំងអស់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ទាំង​មូល។

អ្នក​ជាប់ឃុំ​ភេទស្រីមួយ​ចំនួន​រាយការណ៍​ពី​ការ​បៀតបៀន​និង​យាយី​ផ្លូវភេទ រួម​ទាំង​ការ​រំលោភ​សេព​សន្ថវៈ​ទៀត​ផង។

លោក Brad Adams នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី​និយាយ​ថា៖ «ការ​ឃុំខ្លួន​មុន​ពេល​ជម្រះ​ក្តី​និង​ប្រព័ន្ធ​ស៊ើបអង្កេត​របស់​កូរ៉េ​ខាងជើង​ គឺ​ធ្វើ​ឡើងតាមអំពើ​ចិត្ត ហិង្សា ឃោរឃៅ និង​ថោកទាប»។

លោក​បន្ថែម​ថា៖ «ជនជាតិ​កូរ៉េ​ខាងជើង​និយាយ​ថា​ ពួកគេ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ជាប់ជានិច្ចពី​ការ​ចាប់ខ្លួន​ក្នុង​ប្រព័ន្ធ​មួយ​ដែល​នីតិវិធីផ្លូវការ​មិន​ត្រូវ​បាន​ប្រើប្រាស់ ទោស​កំហុស​ត្រូវបាន​សន្មត​រួច​ជាស្រេច ហើយ​វិធី​សាស្ត្រ​ដែល​អាច​រួច​ខ្លួនបាន​គឺ​មាន​តែ​ការ​សូកប៉ាន់ និង​តាមរយៈ​ខ្សែរយៈ​ប៉ុណ្ណោះ»។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិនមាន​ការ​អធិប្បាយ​តបនោះឡើយ​ទៅ​លើ​របាយការណ៍​នេះ ហើយ​ពួកគេ​បាន​បដិសេធ​ដដែលៗ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស។

របាយការណ៍​របស់​អង្គការ​ Human Rights Watch នេះ គឺ​បាន​មក​ពី​ការ​សម្ភាសជាមួយ​នឹង​អតីត​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងជើង​ចំនួន ៨ នាក់​ ដែល​បាន​រត់ចេញ​ពី​ប្រទេស​ និង​អតីត​អ្នក​ជាប់ឃុំ​ ២២ ​នាក់ ​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ១៥ ​នាក់​ និង​បុរស​៧​ នាក់។ ​អ្នក​ទាំង​នោះ​បាន​ជាប់​ឃុំ​ក្រោយ​ឆ្នាំ២០១១ នៅពេល​ដែល​មេដឹក​នាំ​បច្ចុប្បន្ន​គឺលោក គីម ជុងអ៊ុន ចូល​កាន់​តំណែង។

មន្ត្រី​រដ្ឋាភិបាល​៤​នាក់​បាន​ប្រាប់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ថា​គណៈបក្ស​ពលករ​កូរ៉េខាង​ជើង​ដែល​កំពុង​កាន់អំណាច​ចាត់​ទុក​អ្នក​ជាប់​ឃុំជា​មនុស្ស​ថ្នាក់ទាប​ និង​បាន​ហៅ​ពួកគេ​ដោយប្រើ​លេខ​ជំនួស​ឲ្យ​ឈ្មោះ។

អ្នក​ដែលត្រូវ​បានសាកសួរទាំង​នោះ​ពណ៌នា​ទង្វើបន្ថោក​តម្លៃ​ពួកគេ ​និង​ស្ថានភាព​គ្មាន​អនាម័យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ដែល​រួម​មាន​ការ​ផ្តល់​អាហារ​តិច​តួច មិន​មានកន្លែង​សម្រាក​គ្រប់គ្រាន់ និង​អាច​ងូត​ទឹក​បាន​តិចតួច​ប៉ុណ្ណោះ។ ពួកគេ​និយាយ​ថា​ អ្នក​យាម​នឹង​ទាមទារ​សំណូក​ដើម្បី​អនុញ្ញាត​ក្រៅ​ផ្លូវការ​ឲ្យ​សមាជិក​គ្រួសារ​យក​អាហារ​ឲ្យ។

របាយការណ៍​នោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង «បញ្ចប់​ការ​ធ្វើ​ទារុណកម្ម​ដ៏​សាហាវ​ឃោរឃៅ​ គ្មាន​មនុស្ស​ធម៌ និង​ទង្វើ​បន្ថោក​ទាំង​នោះ» ក្នុង​មន្ទីរ​ឃុំឃាំង​មុន​ពេល​ជម្រះក្តី និង​នៅ​កន្លែង​សួរ​ចម្លើយ។

លោក Adams ​បាន​និយាយ​ថា៖​ «អាជ្ញាធរ​កូរ៉េ​ខាងជើង​គួរ​តែនាំ​យក​ប្រព័ន្ធ​នេះ​ចេញពី​យុគ​សម័យ​ដ៏ងងឹត​ ដោយ​ស្នើ​សុំ​ជំនួយ​ពីអន្តរជាតិ​ដើម្បី​បង្កើត​កងកម្លាំង​ប៉ូលិស​មាន​វិជ្ជាជីវៈ និង​ប្រព័ន្ធ​ស៊ើបអង្កេត​ដែល​ពឹង​លើ​ភស្តុតាង​ជាជាង​ការ​ធ្វើ​ទារុណកម្ម​ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម»៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ​ ម្លិះ