អ្នក​រត់​ចោល​​ប្រទេស​​កូរ៉េខាង​ជើង​មាន​បំណង​ធ្វើ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ភ្ញាក់​រឭក​តាម​រយៈ​កាសែត

នេះ​ជា​ការ​បោះពុម្ព​ផ្សាយ​របស់​កាសែត Free NK ក្នុង​ឆ្នាំ​២០១៦។​

អ្នក​រត់​ចោល​​ប្រទេស​ជាតិ​កូរ៉េខាង​ជើង ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រ​ភព​អង់គ្លេស​បាន​បង្កើត​កាសែត​មួយ។​ ក្រុម​នោះ​បាន​ទម្លាក់​​កាសែត​​ចំនួន​១ម៉ឺន​ក្បាល​ជា​រៀង​រាល់​ខែ​តាម​បាឡុង​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ ​គោល​បំណង​របស់​កាសែត​នោះ​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​កូរ៉េខាង​ជើង​ព្យាយាម​រត់​ចាក​ចេញ​ពី​កូរ៉េ​ខាង​ជើង​ហើយ​និង​ក្រោក​ឈរ​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់​ការ​កូរ៉េ​ខាង​ជើង។

ការិយាល័យ​ដ៏​ស្ងាត់​ជ្រងំ​របស់​លោក Kim Joo Il នៅ​តំ​បន់​ជាយ​ក្រុង​ភាគ​នារតី​នៃ​ទីក្រុង​ឡុងដ៍ មិន​មាន​ការ​ខុស​ប្លែក​ពី​អ្វី​ដែល​លោក​បាន​ប្រឈម​នៅ​ពេល​ដែល​លោក​បាន​បម្រើ​ជា​អនុសេនីយ៍ឯក​នៅ​ក្នុង​កង​ទ័ព​កូរ៉េខាង​ជើង​ទេ។

លោក Kim បាន​រត់គេច​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង​នៅ​ឆ្នាំ​២០០៥​ដោយហែល​ទឹក​ឆ្លង​កាត់​ទន្លេនៅ​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុង​ខេត្ត Hamkyong ភាគ​ខាង​ជើង។ ​បន្ទាប់​ពី​រសាត់​ក្នុង​ទន្លេ​អស់​រយៈ​ពេល​ជា​ច្រើនម៉ោង ​លោក​បាន​ទៅ​ដល់​ប្រទេស​ចិន។ ចេញ​ពី​ទី​នោះ ​លោក​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​វៀត​ណាម ​កម្ពុជា​ហើយ​បន្ទាប់​មក​ប្រទេស​ថៃ ​ជាទី​បញ្ចប់​បាន​ទៅ​ដល់​ចក្រ​អង់គ្លេស​២​ឆ្នាំ​ក្រោយ​មក។

លោក​ឥឡូវ​នេះ​ជា​បណ្ណាធិការ​កាសែត Free NK នៅ​ក្នុង​រដ្ឋធានី​នៃ​ចក្រភព​អង់គ្លេស​ដែល​មាន​គោលបំណង​លាត​ត្រដាង​ការ​ពិត​ពី​ជីវិត​នៅ​ក្នុង​រដ្ឋ​ឯកោ​ហើយ​និង​ការ​រំលោភ​ធ្វើ​បាប​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល។

លោក Kim និយាយ​ថា ​លោក​បាន​រត់​គេច​ខ្លួន​ពី​មាតុភូមិ​របស់​លោក​ពី​ព្រោះ​តែ ​ការ​កើន​ឡើង​នូវ​ការ​ខូច​ចិត្ត​និង​ការ​ស្រងាក​ចិត្ត​ជាមួយ​មេដឹកនាំ​ផ្តាច់​ការ​កូរ៉េខាង​ជើង។ ​លោក​ជឿ​ថា ​ជន​ជាតិ​កូរ៉េខាង​ជើង​កាន់​តែ​ច្រើន​ឡើង​នឹង​ព្យាយាម​រត់​គេច​ខ្លួន​ ​ប្រសិនបើ​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​សងសឹកប្រឆាំង​នឹង​សមាជិក​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ទេ​នោះ។

ក្រុង​កំណើត​របស់​លោកគឺ ​ក្រុង Kilju-gun ស្ថិត​ក្នុងតំបន់​តែ​មួយ​ដែល​នៅ​ទី​នោះ​រដ្ឋាភិបាល​របស់ Kim Jong Un បាន​ធ្វើ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន៦​ដង។ លោក​និយាយ​ថា៖ «ខ្ញុំ​មាន​សាច់​ញាតិ​ដែល​កំពុង​រស់​នៅ​ក្រុង Kilju នៅ​ឡើយ។​ ដូច្នេះ ​ខ្ញុំ​ព្រួយ​បារម្ភ​អំពីការ​ប៉ះពាល់​នៃ​វិទ្យុ​សកម្ម​និង​ការ​ខូចខាត​ពីការ​សាក​ល្បងអាវុធ​នុយក្លេអ៊ែរ​ដែល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន‍»។

ថ្លែង​តាម​អ្នក​ជិត​ខាង​ម្នាក់​ដែល​បាន​ធ្វើ​ជា​អ្នក​បកប្រែ ​លោក Kim និយាយ​ថា មាន​វណ្ណ:សង្គម​មួយ​នៅ​កូរ៉េខាង​ជើង​ដែល​ព្យាយាម​ការពារ​អំណាច ទ្រព្យសម្បត្តិ​និងប្រាក់​កាស​របស់​ខ្លួន ​ហើយ​វណ្ណៈ​សង្គម​នោះ​មិន​ដែល​ជំទាស់​ប្រឆាំង​រដ្ឋាភិបាល​ទេ។​ ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទៀត​ថា មាន​វណ្ណៈសង្គម​មួយ​ទៀត​ដែល​ពួកគេ​មាន​ការ​អត់​ឃ្លាន​និង​មាន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដ៏​លំបាក​ដែល​ចង់​រើ​បម្រះ។

លោក​និយាយ​ថា «ខ្ញុំ​ចង់ដាស់​តឿន​ពួកគេ​ហើយ​ផ្តល់​ព័ត៌មាន​ដល់​ពួកគេ ដូច្នេះ ​ខ្ញុំ​បាន​បោះ​ពុម្ភផ្សាយកាសែត​ដើម្បី​ផ្គត់​ផ្គង់​ព័ត៌មាន​ពី​ខាង​ក្រៅ​ដល់​ពួកគេ‍»។

លោក Kim បាន​និយាយ​បន្ត​ទៀត​ថា៖ «ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​ កូរ៉េខាង​ជើង ​ខ្ញុំ​ចង់​បាន​ព័ត៌មាន​ដ៏​ខ្លាំង​បំផុត ​ហើយ​ខ្ញុំ​បាន​បោះពុម្ភ​ផ្សាយ​កាសែត​មួយ​ដែល​ហៅថា Free NK ពីព្រោះ​តែ​ភាព​ជា​បន្ទាន់ ​ការ​ជឿ​ជាក់​ក្នុង​បេសកម្ម​ដែល​ខ្ញុំ​ចាំបាច់​បញ្ជូន​ព័ត៌មាន​ពី​ខាង​ក្រៅ​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​»។ «ទោះបី​មាន​បណ្តាញ​ព័ត៌មាន​ផ្សេង​ៗដែល​អាច​ត្រូវបាន​ប្រើ​ប្រាស់​ក៏ដោយ​ ហេតុផល​ដែល​ខ្ញុំ​ជ្រើសរើស​កាសែត​គឺ​ថា ​មិន​មាន​ឧបករណ៍​បណ្តាញ​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ទូទៅ​អាច​ទទួល​បាន ​ហើយ​ពួកគេ​ជា​មហាជន​ដែល​អាច​ផ្លាស់​ប្តូរ​សង្គម​កូរ៉េខាង​ជើង‍»។

នៅពេល​ដែល​លោក Kim បាន​ចាប់ផ្តើម​កាសែត Free NK គោលដៅ​របស់​លោក​ត្រូវ​បោះ​ពុម្ភផ្សាយ​កាសែត​១ម៉ឺនក្បាល​ដើម្បី​ទម្លាក់​ពី​បាឡុង​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ផែនការ​ដំបូង​មិន​បាន​ទទួល​ជោគជ័យ​ពីព្រោះ​តែ​ស្ថាន​ភាព​អាកាស​ធាតុ​នៅលើ​ឧបទ្វីប​កូរ៉េ។

លោក Kim បាន​និយាយ​ទៀត​ថា «ជា​ទូទៅ ខ្យល់​បក់​ពី​កូរ៉េ​ខាង​ជើង​ទៅ​កូរ៉េ​ខាង​ត្បូង ​ដូច្នេះ ​យើង​មិន​អាច​បង្ហោះ​បាឡុង​បាន​ទេ។ ផ្ទុយទៅ​វិញ ​យើង​បាន​បង្ហោះ​បាឡុង​ពី​ខែ​ឧសភា​ឬ​ខែ​មិថុនា​ទៅ​ខែ​តុលា‍»​ នៅពេល​ដែល​ស្ថាន​ភាព​អាកាស​ធាតុ​អនុគ្រោះ​កាន់​តែ​ខ្លាំង​ឡើង។

នៅ​ពេល​នោះ ​លោក Kim ​និង​សម្ព័ន្ធ​មិត្ត​របស់​លោក​បាន​ទម្លាក់​កាសែត​ពី​៥ពាន់ទៅ​១ម៉ឺន​ក្បាល​ជារៀងរាល់​ខែ ​លោក Kim ​សង្ឃឹម​ថា ​កាសែត​នោះ​ខ្លះនឹង​ត្រូវពលរដ្ឋ​កូរ៉េខាង​ជើង​ក្រ​ខ្សត់​រើស​មក​អាន​នៅ​ពេល​ដែល​ពួកគេ​ស្វែងរក​ម្ហូបអាហារ​ និង​អុស​នៅភ្នំ។

លោក​បាន​ពន្យល់​ទៀត​ថា ទោះ​បី​បាឡុង​នោះ​បាន​ត្រូវ​គេ​បាញ់​ទម្លាក់​ក៏​ដោយ ដុំ​កាសែត​ដែល​គេ​ខ្ចប់​បាន​ធ្លាក់​ហើយ​បាន​ចែក​ចាយ​នៅ​តំបន់​ធំៗ។

លោក Kim សង្ឃឹម​ថា ​ការប្រឹងប្រែង​របស់​លោក​នឹង​ជួយ​ផ្លាស់​ប្តូរ​ផ្នត់​គំនិតរបស់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ព្យាយាម​រត់​គេច​ខ្លួន​ឬ​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល។ក៏ប៉ុន្តែ ​លោក​ក៏​ចង់​ប្រើ​ប្រាស់​កាសែត​ដើម្បី​ទទួល​បាន​ និង​ចែកចាយ​ព័ត៌មាន​ពី​ខាង​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ឲ្យ​កាន់​តែ​សុក្រិត្យឡើង​ ដើម្បីឲ្យ​សហគមន៍​អន្តរជាតិ​អាច​វិនិច្ឆ័យ​កាន់​តែ​ប្រសើរ​ឡើង​ថា​តើ​ត្រូវទាក់​ទង​ជាមួយ​ប្រទេស​នេះ​យ៉ាង​ដូចម្តេច។

លោក Kim បាន​និយាយ​ទៀត​ថា ​លោក​សង្ស័យ​ថា ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់អន្តរជាតិ​នឹង​បង្ខំ​ឲ្យ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​បោះ​បង់​ចោល​នូវការ​ស្វះ​ស្វែង​ផលិត​អាវុធ​នុយក្លេអ៊ែរ។

លោក Kim និយាយ​ទៀត​ថា «កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ​មិន​មាន​គោល​បំណងឲ្យ​បាន​ទទួល​ជ័យ​ជម្នះក្នុង​សង្គ្រាម​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ទេ។ ក៏ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ កូរ៉េខាង​ជើង​ជឿថា ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ជា​ឧប​ករណ៍​មួយ​ដែល​ផ្តល់​រង្វាន់​និង​ធានា​របប​នោះ ​ដូច្នេះ កូរ៉េខាង​ជើង​ខំ​ព្យាយាម​ក្នុង​ការ​អភិវឌ្ឍ​និង​បង្កហេតុ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែ‍រ»។

ក៏ប៉ុន្តែ ​លោក​ជឿថា ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ធ្វើ​ឲ្យ​មានបញ្ហានៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ​ជា​ពិសេស បើ​ចិន គោរព​នូវការសន្យា​របស់​ខ្លួន​ដើម្បី​អនុវត្ត​នូវការ​ដាក់​ទណ្ឌកម្ម​នោះ។

លោក Kim និយាយ​បន្ថែម​ទៀត​ថា «ប្រសិនបើ ​ចិនបិទ​ប្រេង​ឬហាម​ឃាត់​ការ​ចេញ​ចូល​របស់​ពាណិជ្ជករ​កូរ៉េ​ខាង​ជើង ​ឬ​មិន​ចេញ​ទិដ្ឋាការ​ដល់​ពលរដ្ឋ​កូរ៉េខាង​ជើង ​បន្ទាប់​មក​កូរ៉េខាង​ជើង​ប្រឈម​នឹង​វិបត្តិ​ផ្ទៃ​ក្នុង‍»។

លោក Kim និយាយ​ទៀត​ថា ពួក​វរជន​កូរ៉េខាង​ជើង​យល់​ថា ពួកគេ​មិនអាច​ឈ្នះ​សង្គ្រាម​នុយក្លេអ៊ែរជាមួយ​សហរដ្ឋអាមេរិក​ទេ ​ក៏ប៉ុន្តែ «ពួកគេ​មាន​អាវុធ​នុយក្លេអ៊ែរ​និង​ទ្រព្យ​សម្បត្តិ​ជាឧបករណ៍​ដើម្បីការ​ពារ​ការ​គ្រប់​គ្រង​របស់​ពួកគេនិង​ជា​សន្លឹក​បៀ​សម្រាប់​ធ្វើ​ការ​ចរចា»។

លោ​ក​បាន​ជជែក​ឲ្យ​ហេតុផល​ថា ​ដោយ​មូលហេតុ​នេះ ​សហរដ្ឋ​អាមេរិក​គួរ​ស្វះ ស្វែង​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​ដល់​កូរ៉េខាង​ជើង​តាម​រយៈ​ការទូត​ជា​ជាង​អំណាច​ខាង​យោធា។

លោក Kim និយាយថា «សហរដ្ឋ​អាមេរិក​ក៏​ចាំ​បាច់​មាន​តួនាទី​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​និង​សន្តិភាពនៅ​អន្តរជាតិ​ដែរ‍»៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន