កូរ៉េខាងជើងបានលុបចោលការសម្តែងវប្បធម៌រួមគ្នាជាមួយនឹងកូរ៉េខាងត្បូង ដែលគ្រោងនឹងសម្តែងនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា នេះបើយោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងដែលបានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញនេះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដែលបានញុះញុងឲ្យមានការប្រមាថជាសាធារណៈទៅលើកូរ៉េខាងជើង ហើយកូរ៉េខាងជើងបានលុបចោលព្រឹត្តិការណ៍ថ្ងៃទី៤ ខែកុម្ភៈ ដែលនឹងធ្វើឡើងនៅកូរ៉េខាងជើងដើម្បីអបអរការប្រកួតកីឡាដែលនឹងធ្វើឡើងនៅក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង។ រដ្ឋាភិបាលក្រុងសេអ៊ូលបានហៅការសម្រេចចិត្តនេះថា ជារឿងគួរឲ្យសោកស្តាយ ហើយបានជុំរុញឲ្យប្រទេសជិតខាងរបស់ខ្លួនមួយនេះ គោរពទៅតាមកិច្ចព្រមព្រៀងទាំងអស់ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន កីឡាការនី ice hockey របស់កូរ៉េខាងជើងចំនួន១២នាក់បានឆ្លងព្រំប្រទល់ដើម្បីចូលរួមជាមួយនឹងសមភាគីរបស់ខ្លួននៅកូរ៉េខាងត្បូង ដើម្បីបង្កើតក្រុមកីឡាអូឡាំពិករួបរួមដោយកូរ៉េទាំងពីរនេះជាលើកទីមួយ ចាប់តាំងពីប្រទេសទាំងពីរនេះបានបែងចែកគ្នានៅក្នុងសង្គ្រាមស៊ីវិលទសវត្សរ៍១៩៥០។
ការភ្ញាក់ផ្អើលដែលផ្តល់ដោយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងការបញ្ចូនប្រតិភូមួយរូបរបស់ខ្លួនទៅកាន់កីឡាអូឡាំពិកក្នុងទីក្រុង Pyeong Chang ក្នុងអំឡុងពេលដែលលោកថ្លែងសុន្ទរកថាក្នុងថ្ងៃចូលឆ្នាំនោះ បានត្រួសត្រាយផ្លូវឲ្យមានការចរចាស្តារទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងរដ្ឋាភិបាលក្រុងសេអ៊ូលឡើងវិញ ដែលទំនាក់ទំនងនេះបានជាប់គាំង ដោយសារតែការផលិតកម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អន្តរជាតិ៕