កូរ៉េខាងជើងបានដកខ្លួនចេញពីការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានជូនដំណឹងនេះទៅកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ នៅឯកិច្ចប្រជុំប្រចាំសប្តាហ៍របស់កូរ៉េទាំងពីរ នៅឯការិយាល័យរួមរបស់ពួកគេនៅក្នុងទីក្រុង Kaesong ដែលនៅភាគខាងជើងកូរ៉េខាងត្បូង។
លោក Chun Hae-sun អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កូរ៉េខាងជើងបាននិយាយថា វិធានការនេះធ្វើតាម «សេចក្តីណែនាំពីថ្នាក់លើ» ។
កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់កូរ៉េខាងជើងក្នុងការដកចេញពីការិយាល័យនេះ គឺជារឿងគួរឱ្យសោកស្តាយ ប៉ុន្តែបាននិយាយថា កូរ៉េខាងត្បូងនឹងបន្តធ្វើការនៅការិយាល័យនេះ។
ព័ត៌មាននៃការដកខ្លួនរបស់កូរ៉េខាងជើងនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំដែលបានបរាជ័យកាលពីខែមុន នៅប្រទេសវៀតណាម រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ មេដឹកនាំពីរនាក់បានប្រកែកគ្នាអំពីការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកូរ៉េខាងជើង ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការិយាល័យទំនាក់ទំនងនេះបានបើកដំណើរការកាលពីខែកញ្ញាឆ្នាំមុន ដែលជាផ្នែកមួយនៃជំហានដែលមានបំណងផ្សះផ្សាប្រទេសកូរ៉េទាំងពីរ៕