លោក Ben Wallace រដ្ឋមន្រ្តីក្រសួងសន្តិសុខអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា អង់គ្លេសជឿជាក់យ៉ាងមុតមាំថា កូរ៉េខាងជើងជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រទូទាំងសាកលលោកនៅដើមឆ្នាំនេះ។
ការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័របានកើតមានឡើងកាលពីខែឧសភាដើម្បីបង្អាក់សេវាកម្មរបស់រដ្ឋាភិបាលនិងពាណិជ្ជកម្មទូទាំងសាកលលោក រួមមានមន្ទីរពេទ្យនៅក្នុងប្រទេសអង់គ្លេសចំនួន១ភាគ៣។
លោក Wallace បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBCថា៖ «កូរ៉េខាងជើងជារដ្ឋមួយដែលយើងជឿជាក់ថា បានពាក់ព័ន្ធនៅក្នុងការវាយប្រហារទូទាំងសាកលលោកទៅលើប្រព័ន្ធរបស់យើង»។ លោកបាននិយាយទៀតថា រដ្ឋាភិបាលចក្រភពអង់គ្លេសជឿជាក់យ៉ាងពិតប្រាកដ។
កុំព្យូទ័រជាង៣សែនគ្រឿងនៅក្នុងប្រទេសចំនួន១៥០បានរងផលប៉ះពាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការវាយប្រហារដោយប្រើប្រាស់មេរោគ WannaCry។
របាយការណ៍នោះបានចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញដោយការិយាល័យត្រួតពិនិត្យរបស់ចក្រភពអង់គ្លេសបានប្រាប់ឲ្យដឹងថា មេរោគ WannaCry ជាការ វាយប្រហារធម្មតាដែលក្រសួងសុខាភិបាលអង់គ្លេសអាចការពារបាន ប្រសិនបើខ្លួនធ្វើទៅតាមការអនុវត្តបច្ចេកវិទ្យាតាមព័ត៌មាននោះ។
លោក Dan Taylor ប្រធានសន្តិសុខរបស់ក្រសួងសុខាភិបាលជាតិបានពណ៌នាព្រឹត្តិការណ៍នោះថា ជាការវាយប្រហារអន្តរជាតិក្នុងទំហំមួយដែលមិនធ្លាប់មានកាលពីពេលមុនហើយបាននិយាយទៀតថា ក្រសួងសុខាភិបាលបានសិក្សាយ៉ាងច្រើន។
លោករដ្ឋមន្រ្តី Wallace បានមានប្រសាសន៍ទៀតថា អង់គ្លេសត្រូវចាត់វិធានការភ្លាមៗដើម្បីពង្រឹងកម្មវិធីសន្តិសុខប្រព័ន្ធកំព្យូទ័ររបស់ខ្លួន៕