ប្រភពដែលគួរឲ្យទុកចិត្តបានក្នុងប្រទេសកូរ៉េខាងត្បូងប្រាប់ឲ្យដឹងថា កូរ៉េខាងជើងនឹងបញ្ជូនអ្នកការទូតកំពូលរបស់ខ្លួនទៅកាន់មហាសន្និបាតសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ នៅក្នុងការប៉ុនប៉ងមួយទំនងទប់ទល់ការរិះគន់របស់អន្តរជាតិពីប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសនោះ។
មន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេផ្សាយជាភាសាកូរ៉េកាលពីថ្ងៃអង្គារថា លោក Ri Su Yong រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងត្រូវគេរំពឹងថានឹងធ្វើសុន្ទរកថាមួយនៅឯសន្និសីទរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែក្រោយ។
លោក Ri នឹងក្លាយជារដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលើកទី១ដែលថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សានោះដែលនឹងចាប់ផ្តើមសន្និសីទនៅក្នុងទីក្រុងហ្សឺណែវនៅថ្ងៃទី២ ខែមិនា ខាងមុខនោះ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមយុទ្ធនាការដ៏ខ្លាំងដើម្បីដោះស្រាយពីការកើនឡើងនូវគំនាបអន្តរជាតិដល់ការធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួន។ ការអំពាវនាវឲ្យមានភាពប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកុម្មុយនិស្តនេះ បានជម្រុញឲ្យមានរបាយការណ៍ដ៏អាក្រក់ពីគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដែលបានចោទប្រកាន់កូរ៉េខាងជើងពីការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
យោងតាមមន្រ្តីម្នាក់របស់កូរ៉េខាងត្បូង អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងក៏ត្រូវគេរំពឹងថានឹងថ្លែងនៅឯក្រុមប្រឹក្សាសិទ្ធមនុស្សដែរ ហើយនិងអំពាវនាវឲ្យមានចំណាត់ការបន្ថែមទៀតបន្ទាប់ពីការអនុម័តសេចក្តីសម្រេចរបស់មហាសន្និបាតរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងនៅខែធ្នូឆ្នាំទៅ។
អ្នកវិភាគខ្លះក្នុងរដ្ឋធានីសេអ៊ូលនិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងទំនងជាប៉ុនប៉ងធ្វើឲ្យគេមិនជឿសេចក្តីរាយការណ៍នោះហើយចោទប្រកាន់រដ្ឋាភិបាលទីក្រុងសេអ៊ូលពីការរំលោភសិទ្ធិមនុស្សដោយរិះគន់ច្បាប់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង៕